(ចិន)៖ ក្រុមហ៊ុនកំសាន្តដ៏ធំរបស់ចិន China Media Group បានរៀបចំកម្មវិធីហាត់សមជាលើកទី២ ដើម្បីត្រៀមសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីខ្នាតធំ សម្រាប់អបអរបុណ្យចូលឆ្នាំចិនខាងមុខ នៅទីក្រុងប៉េកាំង។ កម្មវិធីនេះ គឺមានការសម្តែងដោយអ្នកសិល្បៈចិន៣ជំនាន់ ដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីរបស់ចិន ក្នុងពិធីដ៏ពិសេសមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ការប្រគំតន្រ្តីឆ្នាំថ្មីរបស់ចិននេះ គឺនឹងមានការផ្សាយផ្ទាល់វេលាម៉ោង៨យប់ ពេលវេលានៅទីក្រុងប៉េកាំង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មី។ អ្វីដែលពិសេស នឹងមានការសម្តែងនូវទម្រង់សិល្បៈផ្សេងៗគ្នា ពីតារា៣ជំនាន់របស់ចិន ដូចជាការច្រៀង, ការរាំ, ការសម្ដែងសៀក និងមានការសម្ដែងជាល្ខោនអូប៉េរ៉ា ដែលជាសិល្បៈប្រពៃណីចិនថែមទៀតផង។

គួរជម្រាបថា ការប្រគំតន្រ្តីសម្រាប់អបអរឆ្នាំថ្មីនេះ ចិននិយមហៅថាកម្មវិធី «Chunwan» ដែលធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ប៉ុន្តែកាលពីឆ្នាំ ២០២១កន្លងទៅ កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ កម្មវិធីនេះ ត្រូវបានគេចាត់ទុកថាជាកម្មវិធីតំណាងឲ្យវប្បធម៌ចិនដ៏ធំមួយ សម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅប្រទេសចិន៕