(ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងកម្រិតអន្ដរជាតិមួយ ដែលហួសពីការទទួលយកបាន បន្ទាប់ពីលោកបានសម្លឹងឃើញភាពរីកចម្រើន ទាំងធនធានកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេស។

ការបង្ហាញសុទិដ្ឋិនិយមបែបនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែមករា ឆ្នាំ២០២២ ហើយលោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី រួមទាំងអាជ្ញាកណ្ដាល ដែលធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។

អគ្គលេខាធិការសហព័ន្ធខាងលើបញ្ជាក់ថា «ខ្ញុំយល់ឃើញថា ទោះបីជាយើងអត់បានរួបរួមគ្នា អត់បានរៀបចំបានច្រើនក្នុងរយៈពេល ២ឆ្នាំកន្លះមកនេះ ក៏យើងនៅតែឃើញថា កីឡាករ-កីឡាការិនីយើង ក្នុងតំបន់ផ្សេងៗ គាត់នៅតែវាយ និងហ្វឹកហាត់ខ្លួនឯង ហើយយើងឃើញថា កម្រិតដែលគាត់វាយសព្វថ្ងៃនេះ យើងទទួលបាន ហួសពីទទួលបានផង»

លោកបន្ដថា «ប៉ុន្ដែអ្វីដែលយើងសង្កត់ខ្លាំងជាងគេ គឺការរៀបចំដោយសារយើងត្រូវត្រៀមលក្ខណៈ និងរៀបចំក្នុងនាមយើងជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ យើងមើលថា យើងបោះជំហាន ២-៣ជំហានទៅមុខហើយ ខាងអាជ្ញាកណ្ដាល អាប៊ីតខ្សែ និងអ្នកបម្រើសេវាបាល់ជាដើម។ យើងព្យាយាម និងខិតខំទៅមុខទៀត ចំពោះរឿងនេះ ហើយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា យើងនឹងរៀបចំក្នុងកម្រិតមួយ ដែលហួសពីទទួលបានក្នុងកម្រិតអន្ដរជាតិមួយ នាឆ្នាំ២០២៣»

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះវិញ គឺមានកីឡាករ-កីឡាការិនី ៥១នាក់ មកពីរាជធានី-ខេត្តចំនួន ៨ចូលរួម និងធ្វើការប្រកួតលើ ៤វិញ្ញាសា។ ជាលទ្ធផលវិញ្ញាសាវាយឯកត្តជននារី លេខ១ កីឡាការិនី ញ៉ែម ស្រីណុច មកពីក្លិបសៀមរាប។ វិញ្ញាសាវាយឯកត្តជនអាយុក្រោម ១៨ឆ្នាំ លេខ១ កីឡាករ ឈាង ច័ន្ទមុន្នី មកពីក្លិបអូឡាំពិក។ វិញ្ញាសាវាយគូបុរស លេខ១ កីឡាករ ឡុង សំនៀង និង ឱ សារិទ្ធ មកពីក្លិបក្រសួងការពារជាតិ និងវិញ្ញាសាឯកត្តជនបុរស លេខ១ កីឡាករ ប៊ុន កេន្នី មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕