(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១ ឆ្នាំ២០២២។ ការប្រកួតនេះ នឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅបរិវេណក្លឹបកីឡាវាយសីខេត្តសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

កម្មវិធីនេះ មានការគាំទ្រ និងចូលរួមប្រកួតពីបណ្តាសម្ព័ន្ធកីឡាវាយសី ១៦ក្លឹប ដោយមានកីឡាករ ២០០នាក់ មកពីតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានសរសេរថា ការប្រកួតវាយសីនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា និងកម្ពុជា ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ( SEA GAME 2023 ) ក្រោមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដែលជាការរួមចំណែកលើកស្ទួយកីឡាវាយសីកម្ពុជា៕