(ប៉េកាំង)៖ ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡា Beijing Winter Olympics ហើយនឹងបំពេញដំណើរទស្សនៈកិច្ច ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈខាងមុខ, នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។

ដោយបញ្ជាក់ថា អាហ្សង់ទីន បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Beijing Winter Olympics របស់ចិននោះ, លោក Zhao បានបង្ហាញការជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា នៃភាគីទាំងពីរ, ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតី Fernandez មកកាន់ចិន នឹងបញ្ចប់ដោយភាគជោគជ័យ។

ចិន និងអាហ្សង់ទីន គឺជាមិត្តល្អ ដែលជឿជាក់គ្នាទៅវិញទៅមក និងជាដៃគូល្អ សម្រាប់ការអភិវឌ្ឍរួម, លោក Zhao បានបន្ថែម។ ប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ៕