(អាមេរិក)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla នៅថ្ងៃពុធម្សិលមិញនេះបានព្យាករណ៍ថា ការលក់រថយន្តរបស់ខ្លួននឹងកើនឡើងជាង ៥០ភាគរយនៅក្នុងឆ្នាំ ២០២២ បើធៀបទៅនឹងឆ្នាំមុន បើទោះបីជាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នៅតែបន្ត និង ត្រូវបានរំពឹងថានឹងអាចកាត់បន្ថយបាននៅឆ្នាំក្រោយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ការលើកឡើងនេះគឺជាទស្សនវិស័យរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃខ្ពស់បំផុតនៅពិភពលោកមួយនេះ បានប្រកាសបង្ហាញប្រាក់ចំណូលប្រចាំត្រីមាសដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ Wall Street ។

ជាមួយគ្នានេះផងដែរ លោក Musk បាននិយាយថា Tesla នឹងមិនបញ្ចេញម៉ូដែលថ្មីនៅឆ្នាំនេះទេ ប៉ុន្តែសង្ឃឹមថានឹងបង្ហាញម៉ូដែល Cybertruck, Semi និង Roadster របស់ខ្លួននៅឆ្នាំក្រោយ ហើយក៏មិនដាក់លក់រថយន្តក្នុងតម្លៃ ២៥,០០០ដុល្លារអាមេរិក ដូចការសន្យារបស់លោក Musk ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូល Tesla បានកើនឡើងរហូតដល់ ១៧,៧២ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី៤ ឆ្នាំ២០២១ ដែលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគមានត្រឹមតែ ១៦,៥៧ពាន់លានដុល្លារអាមេរិក៕