(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញារួបរួមគ្នាសម្រេចមហិច្ឆតាដណ្ដើមមេដាយមាស ៩គ្រឿងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជូនជាតិឲ្យខានតែបាន។ នេះបើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធលោក អ៊ូ រតនា ក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នាទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកលើកឡើងថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីគ្រប់កម្រិត សម្រាប់ត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា ទាំងក្រុមធំ និងយុវជនថ្នាល ក៏ដូចជាមាគម/ក្លិបគ្រប់រាជធានីខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមពាក្យស្លោក «កម្ពុជាឆ្ពោះទៅរកមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងប្រជាជនម្នាក់ លេងកីឡាមួយមុខប្រចាំជីវិត»។

ប្រមុខសហព័ន្ធខាងលើបានសង្កត់ធ្ងន់ថា «ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាំឲ្យប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ដ្រនេះ។ ដូច្នេះមន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនីនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រួមគ្នាប្ដេជ្ញាស្វែងរកមេដាយមាសជូនជាតិឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដែលអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតខាងលើបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ទាំងការអភិវឌ្ឍធនធានកីឡាករ មន្ដ្រីបច្ចេកទេស រហូតដល់ការកៀគរវិស័យឯកជន និងសប្បុរសជនចូលរួមគាំទ្រច្រើន ជាក់ស្ដែងក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានសន្ទុះនៃការគាំទ្រគួរឲ្យភ្ញាក់ផ្អើល ហើយលោករំពឹងថា ការឧបត្ថម្ភគាំទ្រនេះនឹងក្លាយជាប្រយោជន៍សម្រាប់កីឡាករ-កីឡាការិនីដែលជាតួអង្គសំខាន់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា គណៈកម្មាធិការជាតិ CAMSOC បានកំណត់សន្ទសន៍មេដាយសម្រាប់ប្រភេទកីឡានីមួយៗ ក្នុងផែនការមេឆ្ពោះទៅស៊ីហ្គេម-អាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួចហើយ ក្នុងនោះកីឡាវ៉ូវីណាម ដែលជាប្រភេទដ៏មានសក្ដានុពលមួយ ត្រូវបានកំណត់ដណ្ដើមមេដាយមាសយ៉ាងហោច ៩គ្រឿង ហើយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏សហព័ន្ធសម្រេចបានកន្លងមក លោកមានសុទិដ្ឋិនិយមថា វ៉ូវីណាមនឹងធ្វើបាន ហើយក្លាយជាកីឡាដ៏មានប្រជាប្រិយភាពនាឆ្នាំ២០២៣ ទៀតផង។

ដោយឡែកក្រឡេកទៅចាប់អារម្មណ៍ការប្រកួតជើងឯកថ្នាក់ជាតិខាងលើវិញ ក្រោយដំណើរការប្រកួត ៣ថ្ងៃ ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និងក្រសួង។ ជាលទ្ធផលក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦, ប្រាក់ ១ និងសំរឹទ្ធ៣) ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២), ខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) និងខេត្តកំពង់ស្ពឺ ឈរលេខ៤ ឈ្នះមេដាយសរុប ៨គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ៤ )៕