(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការពង្រីកការចូលប្រើប្រាស់លើវិស័យ STEM សម្រាប់សិស្សនៅក្នុងកម្រិតបឋមសិក្សា ក៏ដូចជាការជួយលើកកម្ពស់គុណភាពនៃការ អប់រំដល់កុមារក្រីក្រនៅតំបន់ស្ទឹងមានជ័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសហការជាមួយវិស័យឯកជន នាំយកកម្មវិធីអបរំ Think!Think! ដែលជាកម្មវិធីអប់រំបែបឌីជីថលលេខ១របស់ប្រទេសជប៉ុន ឧបត្ថម្ភដល់ក្មេងៗនៅអង្គការមូលនិធិកុមារកម្ពុជា ដើម្បីពង្រឹងការអប់រំប្រកបដោយគុណភាពខ្ពស់។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅអង្គការមូលនិធិកុមារកម្ពុជា រវាងលោក ដៃគី វ៉ាតាណាបែ នាយកប្រតិបត្តិនៃ Think!Think! កម្ពុជា និងលោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF ) និងមានការចូលរួមពីលោក លោក កានិកូ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

Think!Think! គឺជាកម្មវិធីអប់រំបែបឌីជីថលលេខ១របស់ប្រទេសជប៉ុន ហើយបច្ចុប្បន្ន JICA ប្រើប្រាស់កម្មវិធីនេះដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងលើកកម្ពស់ការអប់រំបែប STEM នៅកម្ពុជា។ JICA បានផ្តល់នូវការប្រើប្រាស់សម្រាប់សិស្សចំនួន ២០០នាក់ សម្រាប់ CCF ដើម្បីសាកល្បងក្នុងរយៈពេល៣ខែនៅក្នុងថ្នាក់បឋមសិក្សារបស់សិស្ស ដើម្បីបង្កើតជំនាញការគិតបែបស៊ីជម្រៅ ការគិតរកហេតុនិងផល និងការយល់ដឹងកាន់តែទូលំទូលាយអំពី STEM។

លោក កានិកូ បានឱ្យដឹងថា JICA បានទទួលស្គាល់នូវការងាររបស់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រ ជនក្រីក្រ និងខ្វះខាតបំផុតនៅកម្ពុជា តាមរយៈការអប់រំប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រដោយផ្ទាល់នៅតំបន់ស្ទឹងមានជ័យតាំងពីឆ្នាំ២០០៤រហូតមក។ក្នុងការប្រើប្រាស់កម្មវិធី Think!Think ក្នុងថ្នាក់ទី៥ និងថ្នាក់ទី៦នៅ CCF នេះ JICA សង្ឃឹមថា Think!Think! នឹងជួយចូលរួមចំណែកក្នុងការពង្រីកការចូល ប្រើប្រាស់ លើវិស័យ STEM សម្រាប់សិស្សនៅក្នុងកម្រិតបឋមសិក្សាឱ្យបានកាន់តែច្រើនឡើងថែមទៀត។

លោក កានិកូ បានបន្ថែមថា JICA សង្ឃឹមថាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសកម្ពុជា កាន់តែច្រើន មិនត្រឹមតែត្រូវបានទទួលបានការបណ្តុះបណ្តាលចេញពីវិស័យ សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការក្រៅរដ្ឋាភិបាលដូចជាសាលារៀនរបស់ លោក ស្កុត នីសុន ផងដែរ។

លោក ដៃគី វាតាណាបិ បានឱ្យដឹងដែរថា លោកសង្ឃឹមថា កម្មវិធីនេះនិងអាចជួយសិស្សនៅអង្គការមូលនិធិកុមារកម្ពុជា ឱ្យទទួលបានការសិក្សាលើជំនាញ សំខាន់ៗក្នុងសតវត្សទី២១ ហើយកិច្ចសហប្រតិបត្តិការរវាង CCF Think!Think! និង JICA នឹងអាចបណ្តុះបណ្តាលអ្នកដឹកនាំ នាពេលអនាគតបន្ថែមទៀត ចេញពីតំបន់ក្រីក្រមួយនៃប្រទេសកម្ពុជា។

លោក ដៃគី វាតាណាបិ បានបន្ថែមថា គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំដ៏ល្អបំផុតរបស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍជំនាញនៃការគិតបែបស៊ីជម្រៅរបស់កុមារ ជាមួយនឹង អ្នកប្រើប្រាស់ជាង ១លាន៧សែននាក់ ក្នុង១៥០ប្រទេសជុំវិញពិភពលោក។ កម្មវិធី Think!Think! នឹងត្រូវបានប្រើប្រាស់ដោយសិស្សបឋមសិក្សា CCF ចំនួន២០០នាក់ នៅក្នុងកម្មវិធីសិក្សា STEM របស់ពួកគេនៅលើមូលដ្ឋានសាកល្បង មុនពេលត្រូវបានវាយតម្លៃសម្រាប់ការដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយ។

លោក Scott Neeson បានឱ្យដឹងដែរថា CCF ជឿជាក់ថាជាមួយនឹងការអប់រំប្រកបដោយគុណភាព និងភាពជាអ្នកដឹកនាំរបស់កុមារម្នាក់ដែលមានសក្តានុពល ក្នុងការ លើក ស្ទួយគ្រួសារទាំង មូលចេញពីភាពក្រីក្រ ហើយនៅពេលដែលកុមារមានការអប់រំ នោះនឹងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរសង្គមមួយ។ តាមរយៈការ វិនិយោគលើសុខភាព ការអប់រំ និងសុខុមាលភាពរបស់កុមារ និងជនក្រីក្រ CCF កំពុងផ្តល់នូវជំនាញទំនុកចិត្ត និងភាពស្មោះត្រង់ដែលពួកគេត្រូវការ ដើម្បីក្លាយ ជាអ្នកដឹកនាំនៃការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ៕