(ភ្នំពេញ)៖ អ្នកគាំទ្របាននឹងកំពុងចាប់អារម្មណ៍ និងមានការព្រួយបារម្ភ ចំពោះស្ថានភាពរបួសរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលកើតឡើងអំឡុងការប្រកួតរវាងក្រុមបឹងកេត និងវិសាខា ក្នុងពានរង្វាន់ Prince Beer Pre-Season Cup 2022 កាលពីល្ងាចមិញ ខណៈមកទល់ពេលនេះ ស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរូបនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។

ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចេញភ្លាមៗនៅនាទី៣០ ក្នុងជំនួបពាន Pre-Season ខាងលើ បន្ទាប់ពីមានបញ្ហារបួសជង្គង់។ នៅល្ងាចថ្ងៃដដែល វឌ្ឍនាកា ត្រូវបានបញ្ជូនទៅថត (ស្គេន) នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ តែដោយសារស្ថានភាពរបួសហើម ក្រុមគ្រូពេទ្យ ពុំទាន់បញ្ជាក់ច្បាស់លាស់អំពីរបួសរបស់គេថា មានបញ្ហាអ្វីឡើយ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្គោលក្លិប លោក គីម ភក្ដី។

គ្រូបង្គោលក្រុមនាគខៀវរូបនេះបានផ្ដល់នូវព័ត៌មានបឋមថា «ចំពោះលទ្ធផលថតស្គេន ខ្ញុំអត់ទាន់ដឹងដែរ ដោយសារឥឡូវកំពុងនៅពិគ្រោះជាមួយពេទ្យសិន។ តាំងពីម្សិល គេគ្រាន់តែថត ហើយនឹងរុំជើងគាត់។ សម្រាប់លទ្ធផលចេញហើយ តែវានៅស្រពេចស្រពិល ដោយសារបួសហើម កាលណាហើម ថតទៅអត់ច្បាស់។ ពេទ្យថា ចាំរបួសរៀងស្រកហើមបន្ដិច បានគេស្កេនម្ដងទៀតឲ្យច្បាស់»

លោកបន្ដថា មកដល់ពេលនេះ ក្រុមគ្រូពេទ្យជំនាញកំពុងរង់ចាំរបួសរបស់ ចាន់ វឌ្ឍនាកា ស្រកហើមសិន ដែលអាចចំណាយពេល ១ថ្ងៃ ឬ ២ថ្ងៃទៀត បន្ទាប់មកទើបធ្វើការថតស្គេនម្ដងទៀត ដើម្បីឲ្យច្បាស់ថា តើរបួសជង្គង់របស់ខ្សែប្រយុទ្ធរហស្សនាម CV-11 រូបនេះ មានបញ្ហាអ្វីឲ្យប្រាកដ? ចំណែកអ្នកគាំទ្រ ពិសេសក្រុមអ្នកគាំទ្រ ចាន់ វឌ្ឍនាកា ផ្ទាល់ ក៏បានជូនពរកីឡាករជម្រើសជាតិរូបនេះ ឲ្យចៀសផុសពីរបួសធ្ងន់ធ្ងរផងដែរ។

គួរដឹងថា ក្នុងការប្រកួតបញ្ចប់ពូល B នៃពានរង្វាន់ Prince Beer Pre-Season Cup 2022 កាលពីល្ងាចមិញ ក្រុមវិសាខាបានវាយបកឈ្នះបឹងកេត ៣-២ នៅកីឡដ្ឋានព្រីនស៍។ ការបរាជ័យនេះ បានធ្វើឲ្យបឹងកេត ធ្លាក់ចេញពីពានរង្វាន់លក្ខណៈមិត្តភាពត្រៀមបើករដូវកាលថ្មីនេះ ដ្បិតប្រកួតបើកឆាកបឹងកេត ក៏បានបរាជ័យក្រោមថ្វីជើងខេត្តព្រៃវែង ដោយលទ្ធផល ៣-១ ដែរ៕