(ភ្នំពេញ)៖ ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងពិភពលោក បានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ រួមទាំងការសិក្សាផងដែរ ដោយបានផ្លាស់ប្ដូរទម្លាប់នៃការសិក្សា។

សម្រាប់នៅកម្ពុជាកន្លងមក មានសិស្សានុសិស្សជាង ៣,៨លាននាក់ មិនបានចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់ទេ ដោយសារតែវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក៏ត្រូវងាកប្រើប្រាស់កម្មវិធីឌីជីថល រៀនតាមអនឡាញវិញ។

ជាកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយផលប៉ះពាល់ដែលវិបត្តិកូវីដ-១៩មានទៅលើវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន បង្កើតកម្មវិធីឌីជីថល SIS Cambodia ដើម្បីផ្ដល់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃសម្រាប់ការរៀនតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន និងថ្នាក់រៀនវីដេអូអនឡាញ ។

កម្មវិធីអ៊ែប SIS Cambodia បានបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីផ្ដល់នូវដំណោះស្រាយច្រកចេញចូលតែមួយសម្រាប់ទាំងលោកគ្រូអ្នកគ្រូ និងទាំងសិស្សានុសិស្ស។

កម្មវិធីនេះរួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន កម្មវិធីរៀនតាមអនឡាញ និងបណ្ណាល័យអនឡាញ ដែលមានសៀវភៅឌីជីថលជាច្រើនសម្បូរបែប។ កម្មវិធីនេះក៏ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវពេលវេលាប្រជុំតាមវីដេអូឥតដែនកំណត់ លទ្ធភាពធ្វើកិច្ចការសាលាតាមអនឡាញ ព្រមទាំងការប្រាស្រ័យទាក់ទងភ្លាមៗទាន់ពេលវេលាតាមអនឡាញ សម្រាប់សិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស។

ឌីជីថល គឺជាអនាគតនៃការសិក្សាសមាហរណកម្មបច្ចេកវិទ្យាព័ត៌មាន ទៅក្នុងវិស័យអប់រំ នឹងត្រូវពន្លឿនកាន់តែលឿនថែមទៀត ហើយនៅទីបំផុតទៅ ការអប់រំតាមអនឡាញនឹងក្លាយជាធាតុស្នូលដ៏សំខាន់មួយនៃប្រព័ន្ធអប់រំនៅតាមសាលារៀន។ ខណៈដែលកម្ពុជាឆ្លងកាត់ភាពប្រឈមនៃការអភិវឌ្ឍជាច្រើន ការធ្វើឌីជីថលូបនីយកម្មការអប់រំនឹងជួយពង្រឹងបន្ថែមដល់គ្រឹះសម្រាប់ការអប់រំប្រកបដោយនិរន្តរភាព។

ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ មានភ័ស្តុតាងបង្ហាញថា ការសិក្សាតាមអនឡាញអាចមានប្រសិទ្ធភាពជាងតាមរូបភាពជាច្រើន។ ការសិក្សាខ្លះបង្ហាញថា គិតជាមធ្យម សិស្សចាប់បានខ្លឹមសារមេរៀនពី ២៥% ទៅ ៦០% នៅពេលរៀនតាមអនឡាញ ច្រើនជាងការរៀននៅក្នុងថ្នាក់រៀនផ្ទាល់ ដែលពួកគេចាប់បានខ្លឹមសារមេរៀនពី ៨% ទៅ ១០% ។

នេះគឺដោយសារតែសិស្សអាចរៀនបានលឿនជាងនៅលើអនឡាញ ហើយការរៀនតាមអនឡាញត្រូវការពេលវេលាតិចជាងការរៀននៅក្នុងថ្នាក់រៀនបែបប្រពៃណី ពី ៤០% ទៅ ៦០% ពីព្រោះសិស្សអាចរៀនតាមលទ្ធភាពល្បឿនរបស់ខ្លួនផ្ទាល់ ដោយអាចវិលត្រឡប់សាដើមវិញ អានឡើងវិញ រំលង ឬពន្លឿនតាមបែបគំនិតដែលពួកគេអាចជ្រើសរើសបានដោយខ្លួនឯង។

ហេតុអ្វីសាលារៀនគួរពិចារណាធ្វើឌីជីថលូបនីយកម្ម?
ក្នុងពេលកន្លងមក វិស័យអប់រំត្រូវបានគេសង្កេតឃើញថា ការដាក់បញ្ចូលរូបភាពក្រាហ្វិកនៃការអប់រំបែបឌីជីថលបានបង្ហាញនូវការចូលរួមខ្ពស់ជាងមុន និងការជក់ចិត្តចង់រៀនសូត្រជាងមុន ជាពិសេស ក្នុងចំណោមសិស្សានុសិស្សក្មេងៗ ដែលធ្វើឲ្យពួកគេចូលចិត្តរៀនសូត្រនូវអ្វីៗដែលថ្មី។

អ្វីដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅក្នុងអំឡុងពេលវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ គឺ សារសំខាន់នៃការប្រែក្លាយការអប់រំទៅជាឌីជីថលនៅគ្រប់ខេត្តក្រុង គ្រប់គ្រឹះស្ថាន និងគ្រប់ផ្នែកនៅក្នុងសង្គម។

ប្រសិនបើបច្ចេកវិទ្យារៀនតាមអនឡាញអាចធ្វើឲ្យមានប្រសិទ្ធភាពនៅទីនេះ វាគឺជាទំនួលខុសត្រូវរបស់យើងគ្រប់រូបក្នុងការសម្រេចឲ្យបានសក្ដានុពលពេញលេញរបស់វា៕