(យ៉ាអ៊ូនដេ)៖ ការប្រកួតពានទ្វីបអាហ្រ្វិក ពេលនេះមានក្រុមខ្លាំង២ ដែលជាក្រុមកំពូលមានអេហ្ស៊ីប និងម្ចាស់ផ្ទះកាមេរ៉ូន បានឡើងដល់វគ្គ ៨ក្រុមជាបន្តក្នុងការប្រជែងតំណែងជើងឯក Africa Cup of Nations 2021 ដែលក្រុមទាំងពីរខាងលើ ជាម្ចាស់ជើងឯកពានលេងរៀងរាល់ ២ឆ្នាំម្តងនេះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។

អេហ្ស៊ីប ជាក្រុមខ្លាំងមួយដែលបានឈ្នះពានប្រចាំតំបន់ច្រើនជាងគេដល់ទៅ ៧សម័យកាល ខណៈកាមេរ៉ូន ឈ្នះបាន ៥លើកផងដែរ។ បច្ចុប្បន្នក្រុមទាំងពីរបានបន្តឡើងមកកាន់វគ្គ ៨ក្រុមជាថ្មីរួមជាមួយ ប៊ូគីណេ ហ្វាសូ (Burkina Faso), ទុយណេស៊ី, សេណេហ្គាល់, អេក្វាទ័រហ្គីណេ (Equatorial Guinea), ហ្គាំប៊ី (Gambia) និងម៉ារ៉ុក។

សម្រាប់ការប្រកួត Quarter final តាមការគ្រោងទុកនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ជាការប៉ះគ្នារវាងក្រុមប៊ូគីណេ ហ្វាសូ ប៉ះទុយណេស៊ី និងក្រុមហ្គាំប៊ី ប៉ះកាមេរ៉ូន ហើយថ្ងៃទី៣០ សេណេហ្គាល់ ប៉ះអេក្វាទ័រហ្គីណេ (Equatorial Guinea) និងអេហ្ស៊ីប ជួបក្រុមម៉ារ៉ុក ដែលនឹងរៀបចំនៅទីលាន Garoua, Ahmadou Ahidjo និងកីឡដ្ឋាន Douala៕