(ភ្នំពេញ)៖ តារាចម្រៀងចាស់វស្សាប្រចាំក្នុងផលិតកម្ម ថោន កញ្ញា លី អ៊ីវ៉ាធីណា បន្ទាប់ពីសកម្មភាពសិល្បៈរបស់នាង ហាក់ពុំមានអ្វីថ្មីប្លែកសម្រាប់អ្នកគាំទ្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែនៅពេលនេះ នាងបានបញ្ចេញនូវបទចម្រៀងថ្មីចែសមួយបទទៀតហើយ ដើម្បីជាការចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានចំណងជើងថា «កើបលាភឆ្នាំថ្មី» ដោយបានបញ្ចូលទាំងក្បាច់រាំ យ៉ាងរស់រវើកទៀតផង។

នៅក្នុងបទច្រៀងស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ដែលតារាចម្រៀង លី អ៊ីវ៉ាធីណា បកស្រាយនៅពេលនេះ គឺបានបង្កប់នូវអត្ថន័យឲ្យមនុស្សគ្រប់រូប ញញឹមទទួលយកអ្វីដែលថ្មី ហើយរឿងរ៉ាវចាស់ៗ រឿងរ៉ាវស៊យផ្សេងៗ សូមឲ្យចាកឆ្ងាយផុតកន្លងទៅតាមឆ្នាំចាស់ទៅចុះ។ ក្នុងឆ្នាំថ្មីសូមនាំមកនូវលាភជ័យ សំណាងល្អក្នុងជីវិត និងទទួលយកភាពសប្បាយរីករាយ កើបលាភឆ្នាំថ្មីទាំងអស់គ្នា។

យ៉ាងណាមិញក្នុងបទចម្រៀង ក្រៅពីច្រៀងលាយបញ្ចូលគ្នារវាងភាសាខ្មែរ និងភាសាចិនហើយនោះ សម្រាប់តារាចម្រៀង លី អ៊ីវ៉ាធីណា ត្រូវបានអ្នកទស្សនាមើលឃើញថា នាងបានបញ្ចេញក្បាច់រាំយ៉ាងល្វត់ល្វន់រស់រវើក គួរឲ្យចង់គយគន់ ធ្វើឲ្យមហាជនសន្និដ្ឋានថា លី អ៊ីវ៉ាធីណា ខកខានយូរ ពេលនេះចាក់ក្បាច់លេងឲ្យអស់ដៃតែម្ដង!

សូមបញ្ជាក់ថា សម្រាប់តារាចម្រៀង លី អ៊ីវ៉ាធីណា ក៏មិនខុសពីតារាចម្រៀង តារាសម្ដែងដទៃទៀតដែរ ការដែលមិនសូវមានសកម្មភាពសិល្បៈ ឬការចេញបទចម្រៀងថ្មី ដើម្បីបំពេញសេចក្ដីត្រូវការលើទីផ្សារកន្លងមក គឺដោយសារតែស្ថានភាពប្រទេស បានជួបនូវជំងឺរាតត្បាតសកលកូវីដ-១៩ ដែលធ្វើឲ្យរូបនាង ពុំមានស្នាដៃអ្វីឲ្យថ្មីប្លែក ចែកជូនដល់អ្នកគាំទ្រ។ ជាមួយនឹងការបាត់វត្តមានមួយខ្យល់ធំមកនេះ តារាចម្រៀង លី អ៊ីវ៉ាធីណា ត្រូវបានមហាជនសង្កេតឃើញនាង បែរជាទៅលក់ផលិតផលតាមអនឡាញ និងពង្រឹងទៅលើការងារជំនួញរកស៊ី មិនខុសពីតារាល្បីៗមួយចំនួនឡើយ៕