(ភ្នំពេញ)៖ ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការ អំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ហើយ ដោយរូបគេបានដាច់សរសៃជង្គង់ខាងស្ដាំ និងត្រូវធ្វើការវះកាត់ផងដែរ បន្ទាប់ពីរងរបួស អំឡុងការប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 រវាងក្រុមបឹងកេត ជាមួយវិសាខា នៅកីឡដ្ឋានព្រីនស៍ កាលពីម្សិលមិញ ។

ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផលស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:ពេលនេះក្លិបកំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់ ជូនពរឲ្យការវះកាត់ទទួលបានជោគជ័យ និងជាសះស្បើយបានឆាប់រហ័ស»

យ៉ាងណាមិញ ចាន់ វឌ្ឍនាកា បានបង្ហាញនូវភាពក្លាហាន នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ក្នុងការត្រៀមប្រឈមមុខជាមួយការវះកាត់ និងការចំណាយពេលដ៏យូរ ដើម្បីសម្រាកព្យាបាល ។ វឌ្ឍនាកា បានផ្ញើរកុំឲ្យមានការតក់ស្លុតចំពោះស្ថានភាពរបស់ខ្លួនបច្ចុប្បន្ន ហើយគេក៏បានថ្លែងអំណរគុណអ្នកគាំទ្រ ដែលបានផ្ញើសារជូនពររូបគេផងដែរ ។

កីឡាករជម្រើសជាតិកម្ពុជារូបនេះ បញ្ជាក់ថា «កុំមានការតក់ស្លុត កុំមានការភ័យខ្លាច ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ ។ វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត ៦ខែ ទៅ៧ខែ តែខ្ញុំអាចត្រលប់មកវិញបាន ចុះគ្រាន់តែរបួសប៉ុននេះ ចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ ។ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្តនឹងលើកទឹកចិត្តខ្ញុំ ជួបគ្នា ៦ខែទៀត ក្រោយការវះកាត់ជោគជ័យ»

គួរដឹងថា ក្នុងជំនួបពានរង្វាន់ Pre-Season ខាងលើ ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចេញភ្លាមៗ ត្រឹមនាទី៣០ ក្រោយមានបញ្ហារបួសជង្គង់ ខណៈលទ្ធផលក្រោយចប់ការប្រកួតបឹងកេត ចាញ់វិសាខា ៣-២ ។ ចំពោះការវះកាត់ជង្គង់វិញ ក្លិបមិនបានបញ្ជាក់ថា វឌ្ឍនាកា ត្រូវសម្រាកព្យាបាលរយៈពេលប៉ុន្មាននោះទេ តែបើតាមការបញ្ជាក់របស់កីឡាកររហស្សនាម CV-11 ក្រោយវះកាត់រួច រូបគេត្រូវសម្រាកព្យាបាលយ៉ាងហោច ៦ខែឯណោះ ៕