(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ សាខាថ្មីចំនួន២ទីតាំង គឺសាខាច្បារអំពៅ និងសាខាសែនសុខ ដែលស្ថិតនៅប៉ែកអាគ្នេយ៍ និងភាគខាងជើង នៃរាជធានីភ្នំពេញ នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមក្រោមអធិបតីភាពរបស់លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា តំណាងលោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា អមដោយសហការីលោក Karimata Atsushi ឧបទូត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាដៃគូអាជីវកម្ម និងអតិថិជនរបស់ធនាគារផងដែរ។

ក្នុងកម្មវិធីនេះផងដែរ លោក រ័ត្ន សុវណ្ណនរៈ បានធ្វើការប្រគល់អាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ នៃសាខាទាំងពីរ ជូនដល់ លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមអធិបតីភាពលោក Karimata Atsushi ព្រមទាំងសហការី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងថា «ការបោះជំហ៊ាន ក្នុងការពង្រីកវិសាលភាពរបស់ធនាគារនេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់យើង ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការផ្តល់ជូននូវ បទពិសោធន៍ធនាគារដ៏ល្អបំផុត សម្រាប់អតិថិជន ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការក្លាយទៅជា «ដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្តបំផុត» នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តរបស់យើង ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។

បន្ថែមពីលើនេះផងដែរ អ្នកឧកញ៉ា ក៏បានបន្តទៀតថា ស្របទៅតាមការអនុវត្ត គោលនបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសង្គម-សេដ្ឋកិច្ចឌីជីថល ធនាគារ បាននិងកំពុងធ្វើទំនើបកម្ម សេវាកម្មធនាគារ តាមបែបឌីជីថល ដើម្បីជួយសម្រួលដល់ ការធ្វើប្រតិបត្តិការសេវាកម្ម ធនាគារសម្រាប់អតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងសាជីវកម្មទាំងអស់ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

អ្នកឧកញ៉ាបន្ដថា នេះគឺជាការបញ្ជាក់អំពីការតាំងចិត្តខ្ពស់ និងការបង្ហាញនូវជំហរ ក៏ដូចជាការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការឆ្លើយតប ក៏ដូចជាអភិវឌ្ឍខ្លួន ឲ្យកាន់តែប្រសើរឡើង ក្នុងការបំពេញនូវតម្រូវការរបស់អតិថិជន តាមរយៈការជំរុញឲ្យប្រសើរឡើងទាំងផលិតផល និងសេវាកម្ម ដោយផ្អែកលើការប្រើប្រាស់ បច្ចេកវិទ្យា។ ការពង្រីកសាខានេះ គឺដើម្បីនាំយកផលិតផល និងសេវាកម្មធនាគារ មកកាន់តែជិតអតិថិជនបន្ថែមទៀត។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា «ការបើកដំណើរការសាខាច្បារអំពៅ និងសាខាសែនសុខ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក នាពេលនេះបង្ហាញពីសក្ខីភាព និងឆន្ទៈរបស់វិនិយោគិន ក្នុងការវិនិយោគរយៈពេលវែង និងឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើប្រព័ន្ធធនាគារ និងសេដ្ធកិច្ចនៅកម្ពុជា។ប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាពិសេស យុទ្ធនាការ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ-១៩ ទទួលបានជោគជ័យក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»

នៅក្នុងសុន្ទរកថាអបអរសាទរ នៃការបើកសម្ពោធជាផ្លូវការ សាខាច្បារអំពៅ និងសាខាសែនសុខ លោក Karimata Atsushi ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា ការបើកសម្ពោធសាខាថ្មីទាំងពីរ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងរួមចំណែកជួយដល់ការអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនកម្ពុជាទាំងមូល។

ធនាគារនៅតែបន្តផ្ដោតយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មល្អឥតខ្ចោះ និងបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ស្របទៅនឹងបាវចនាប្រតិបត្តិការ របស់ធនាគារគឺ «អតិថិជនជាចំបង» តាមរយៈការលើកកម្ពស់ផលិតផល និងសេវាកម្មទាំងអស់របស់ខ្លួន នៅគ្រប់បណ្ដាញសាខាធនាគារទូទាំងប្រទេស ដើម្បីធានាថា ធនាគារឆ្លើយតបនឹងវដ្តនៃតម្រូវការរបស់អតិថិជន។

ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឲ្យទុកចិត្ត សាខាថ្មីទាំងពីរនេះ មានការរចនាផ្នែកស្ថាបត្យកម្មយ៉ាងពិសេស។ ការរចនាថ្មីនេះ មិនត្រឹមតែបង្ហាញ អត្តសញ្ញាញរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីភាពសម្បូរបែប នៃវប្បធម៌របស់ប្រទេសកម្ពុជា ដោយមានរំលេចនូវក្បាច់ផ្កាចន្ទន៍ គួបផ្សំ ជាមួយវប្បធម៌របស់ប្រទេសជប៉ុន ដើម្បីតំណាងឲ្យភាពរីកចម្រើន និងភាពជោគជ័យរួមគ្នា ជាមួយនឹងអតិថិជនរបស់ខ្លួននៅប្រទេសកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ និងសាខាសែនសុខ ផ្ដល់ជូននូវគ្រប់ប្រភេទសេវាកម្មធនាគារ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ រួមមានសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល អាជីវកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត បន្ទប់សេវាធនាគារអាទិភាព (Premier Lounge) នៅសាខាច្បារអំពៅ និងសាខាសែនសុខ ផ្តល់ជូននូវបរិយាកាសល្អបំផុត ជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏លេចធ្លោ រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពិសេសជូនសមាជិក Premier របស់ខ្លួន៕