(បរទេស)៖ ក្រុមហ៊ុន Samsung បានបញ្ជាក់ពីពេលវេលាជាក់លាក់ដែលខ្លួនគ្រោងនឹងបើកព្រឹត្តិការណ៍ Galaxy Unpacked ថ្មីប្រចាំដើមឆ្នាំ២០២២ ជាលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីមានដំណឹងបែកធ្លាយជាច្រើនដងមក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

បើយើងគិតចាប់ពីថ្ងៃនេះទៅ គឺនៅសល់រយៈពេលជាងពីរសប្តាហ៍ទៀត ទើបដល់ថ្ងៃដែលព្រឹត្តិការណ៍ Unpacked ប្រព្រឹត្តឡើង ហើយចំពោះព្រឹត្តិការណ៍នេះវិញគឺនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយមិនតម្រូវឱ្យមានមនុស្សចូលរួមនោះទេក្រៅពី Samsung ខ្លួនឯងផ្ទាល់។

ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សាយបន្តផ្ទាល់ជាសកល ដែលអនុញ្ញាតឱ្យអ្នកគាំទ្រ និងអ្នកគាំទ្របច្ចេកវិទ្យាបានឃើញផលិតផលថ្មីដែលកំពុងត្រូវបានបង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហើយសម្រាប់ពេលវេលាជាក់ស្តែងនោះគឺនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១០ព្រឹកនៅស្រុកគេ ដែលត្រូវនឹងម៉ោង ១០យប់នៅស្រុកយើង។

Samsung ក៏បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថានឹងមានដាក់បង្ហាញស្មាតហ្វូន Galaxy S ជំនាន់ថ្មីរបស់ខ្លួន ដោយមិនមានបញ្ជាក់បន្ថែមទៀតទេថានិងមានផលិតផលណាខ្លះដែលត្រូវបានដាក់បង្ហាញបន្ថែមក្រៅពីទូរស័ព្ទកំពូលនេះ ហើយយើងគ្រាន់តែរំពឹងថានឹងមានវត្តមានរបស់ថេប្លេតកំពូលដែលជាម៉ូដែលថ្មី Galaxy Tab S8 series នៅលើឆាកផងដែរ។

បើយោងទៅតាមការបែកធ្លាយមួយចំនួនបានបង្ហាញថា ត្រកូលថេប្លេតកំពូលម៉ូដែលថ្មី Galaxy Tab S8 series អាចនឹងមាន ៣ ម៉ូដែលនោះគឺ Galaxy Tab S8, Tab S8+ នឹង Tab S8 Ultra ប្រសិនបើចង់ដឹងថាតើនឹងមានម៉ូដែលអ្វីខ្លះដែលត្រូវបានដាក់បង្ហាញនោះយើងរង់ចាំទស្សនាទាំងអស់នៅថ្ងៃដាក់បង្ហាញដោយអាចចូលទៅមើលនៅ Samsung Newsroom និង YouTube Channel របស់ Samsung បានផងដែរ៕