(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ «ឧត្តមសេនីយ៍ត្រី» ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ជាផ្លូវការហើយ ក្រោយដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០២១ ។

ដំណាលគ្នានឹងការប្រកាសនូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ខាងលើ ក្រសួងការពារជាតិ ក៏បានចេញនូវសេចក្ដីប្រកាសតែងតាំងតួនាទីថ្មីដល់វីរកីឡាការិនី អ៊ុក ស្រីមុំ គឺជានាយករង នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទផងដែរ ។

ការប្រកាសតម្លើងឋានន្ដរស័ក្ដិ និងមុខតំណែងនេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅវិមានមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៧ ខែមករានេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង មានប្រសាសន៍ថា ការតម្លើងឋានន្ដរស័ក្ដិ ក៏ដូចជាតួនាទីនេះ គឺជាការលើកទឹកចិត្តមួយដល់គ្រួសារកីឡាកងយោធពលខេមរភូមិន្ទ ពិសេសអ្នកដណ្ដើមបានមេដាយកម្រិតពិភពលោក ស្របតាមការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមករាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំពិធីជួបសំណេះសំណាលមួយជាមួយវីរកីឡាការិនីឆ្នើមខាងលើ និងថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិមួយចំនួន នៅវិមានសន្ដិភាព ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រគល់នូវប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន ១ម៉ឺនដុល្លារ និងថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ផងដែរ ៕