(អាក្រា)៖ ហ្គាណា បានអះអាងពីការដកគ្រូបង្វឹក Milovan Rajevac ចេញពីតំណែង បន្ទាប់ពីការធ្លាក់ចេញដ៏លឿនគួរឲ្យភ្ញាក់ផ្អើល ពីព្រឹតិ្តការណ៍ Africa Cup of Nations 2021 ហើយឥឡូវនេះត្រូវធ្វើការឲ្យបានឆាប់រហ័សក្នុងការរកគ្រូបង្វឹកថ្មី សម្រាប់ការប្រកួតជម្រុះ World Cup 2022 ក្នុងពេលវេលា ២ខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

លោក Rajevac ត្រូវបានគេរំពឹងថា ត្រូវបានបណ្តេញចេញ បន្ទាប់ពីហ្គាណាបានចាញ់ក្នុងលទ្ធផល ៣-២ ក្រោមថ្វីជើងក្រោមកោះកូម៉ូរ៉ូកាលពីសប្តាហ៍មុន ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់បាតតារាង នៃការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ ហើយបានចាកចេញពីព្រឹត្តិការណ៍ប្រកួត ដែលធ្វើឡើងនៅប្រទេសកាមេរូនមុនគេ បើទោះបីជាស្ថិតក្នុងចំណោមក្រុមដែលគេចាប់អារម្មណ៍ក៏ដោយ។

ការដកលោកចេញពីតំណែង គឺជាការទាមទារដោយក្រសួងកីឡាហ្គាណា ១ថ្ងៃបន្ទាប់ពីការប្រកួតចាញ់ ប៉ុន្តែទើបតែទទួលបានការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានកិច្ចប្រជុំមួយនៃមន្ត្រីប្រតិបត្តិសមាគមបាល់ទាត់ហ្គាណា (GFA) កាលពីថ្ងៃពុធសប្តាហ៍នេះ។

«បន្ទាប់ពីពិចារណាលើរបាយការណ៍ចំនួន៣ និងភាគីពាក់ព័ន្ធជាមួយនឹងម្ចាស់ភាគហ៊ុនធំ GFA បានសម្រេចបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងគ្រូបង្វឹក Milovan Rajevac» នេះបើតាមសេចក្តីថ្លែងការណ៍។

បុរសវ័យ ៦៨ឆ្នាំ Rajevac ទើបតែវិលត្រឡប់មកកាន់តំណែងបានរយៈពេល ៤ខែប៉ុណ្ណោះ ជាការកាន់តំណែងលើកទី ២របស់លោកលើក្រុមហ្គាណា (Black Stars)៕