(អាមេរិក)៖ ក្រុមហ៊ុន Meta Platforms Inc អតីត Facebook ត្រូវបានគេរាយការណ៍មកថា បានលក់ អាជីវកម្ម និងបច្ចេកវិទ្យារូបិយប័ណ្ណឌីជីថល «Diem» ឱ្យទៅក្រុមហ៊ុន Silvergate Capital Corp ក្នុងតម្លៃ ២០០លានដុល្លារអាមេរិក បន្ទាប់ពីបង្កើតឡើងបានរយ:ពេលប្រមាណជា ២ ទៅ៣ឆ្នាំ តែមិនទាន់ដំណើរការ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា រូបិយប័ណ្ណឌីជីថល «Diem» ដែលដំបូងឡើយមានឈ្មោះថា «Libra» ត្រូវបានក្រុមហ៊ុន Meta ប្រកាសបង្ហាញកាលពីខែមិថុនា ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងក្នុងការពង្រីកវិសាលភាព នៃ បណ្ដាញសង្គម Facebook ឱ្យទៅជាប្រព័ន្ធ e-commerce និងការទូទាត់ប្រាក់ជាសកល ប៉ុន្តែរហូតដល់ទល់ពេលនេះគឺមិនទាន់មាន អ្វីរីក ចម្រើនគួរឱ្យកត់សម្គាល់ឡើយ។

គម្រោងពង្រីករូបិយប័ណ្ណឌីជីថល «Diem» នេះ ទទួលបានការរិះគន់ និងការមិនទុកចិត្តពីសំណាក់អ្នកច្បាប់ និងអ្នកនយោបាយជាច្រើន នៅជុំវិញពិភពលោក ដោយសារតែពួកគេបានព្រួយបារម្ភថា វានឹងក្លាយជាកន្លែងលាងលុយខ្មៅ ឬលុយឧក្រិដ្ឋកម្ម ដែលនាំឱ្យប៉ះពាល់ ដល់ សេដ្ឋកិច្ច និងភាពជាឯកជនរបស់អ្នកប្រើប្រាស់។

ដោយសារតែសភាពការណ៍មិនអំណោចផល ទើបធ្វើឱ្យក្រុមហ៊ុន Facebook បានផ្លាស់ប្ដូរឈ្មោះពី «Libra» មកជា «Diem» វិញ និង បានស្វែងរកការអនុម័តបទប្បញ្ញត្តិសម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដោយបានកាត់បន្ថយមហិច្ឆតា ជាសកល។

ថ្មីៗនេះផងដែរ លោក David Marcus ប្រធានផ្នែកហិញ្ញវត្ថុរបស់ Facebook និងជាអ្នកដឹកនាំគម្រោង «Diem» បានលាឈប់ពីតំណែង ដោយទៅបង្កើតអ្វីដែលជារបស់ខ្លួនឯងវិញ ខណ:ដែលប្រភពជិតស្និទ្ធបានលួចបង្ហើបឱ្យដឹងថាការចាកចេញរបស់លោកគឺបណ្ដាលមកពី គម្រោង «Diem» មិនដំណើរការ៕