(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ក្រោយទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី នៅសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញអំពីសកម្មភាពការងារអាណត្តិចាស់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ក្នុងនោះមានការងារព័ន្ធនឹងការបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីផង ការងារបណ្ដុះបណ្ដាលកីឡាករផង ពិសេសការបញ្ជូនក្រុមកីឡាករជម្រើសជាតិទៅហ្វឹកហាត់ និងចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា។

ដោយឡែកលោក ស សុខា អនុប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា សហព័ន្ធកំពុងតែស្វែងរកគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ ព្រមទាំងរៀបចំរចនាសម្ព័ន្ធមួយចំនួន ក្នុងការជំរុញឲ្យមានក្រុមបាល់ទះតាមបណ្តារាជធានី-ខេត្ត ចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ នេះផងដែរ។

ក្រោយទទួលបានការគាំទ្របន្ដដឹកនាំសហព័ន្ធ អាណត្តិថ្មី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការប្ដេជ្ញា និងតាំងចិត្តខ្ពស់ ក្នុងការដឹកនាំសហព័ន្ធឲ្យកាន់តែរីកចម្រើនថែមទៀត ដ្បិតអាណត្តិទី៦ គឺចំពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ ដូច្នេះសហព័ន្ធត្រូវការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី មន្រ្តី និងរៀបចំការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិជាច្រើនទៀត។

លោកបានឯកភាពនឹងការត្រៀមជួលគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ និងបានពិចារណាលទ្ធភាពយកអ្នកជំនាញការបរទេសមកធ្វើជាទីប្រឹក្សារបស់សហព័ន្ធ ដើម្បីសិក្សាពីបច្ចេកទេសថ្មីៗ ព្រមទាំងការរៀបចំការងារមួយចំនួន មុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។ លើសពីនេះលោកក៏យល់ស្របតាមការលើកឡើងរបស់លោក ស សុខា ដែលស្នើសុំឲ្យក្រុមបាល់ទះតំណាងរាជធានី-ខេត្ត ដើម្បីត្រៀមខ្លួនពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដោយប្រើឈ្មោះខេត្តរៀងៗខ្លួនផងដែរ។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក៏បានក្រើនរំលឹកដល់សហព័ន្ធកីឡាបាល់ទះថា ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ទោះបីកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ពិតមែន ក៏ប៉ុន្ដែពេលការប្រកួតមកដល់ គឺសហព័ន្ធនីមួយៗជាអ្នកទទួលរៀបចំការប្រកួត។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំខ្លួន ទាំងការហ្វឹកហ្វឺនកីឡាករ រៀបចំផែនការប្រកួត និងបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសឲ្យបានរួចរាល់ មុនព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះមកដល់៕