(ភ្នំពេញ)៖ ថ្ងៃនេះ Fresh News Plus សូមចែករំលែកអត្ថបទចំណេះដឹងទូទៅថ្មីមួយស្តីពីទីអវកាស។ ដូចយើងដឹងហើយថា នៅយុគសម័យថ្មីនេះ ការរុករកក្នុងទីអវកាសក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលក្រុមហ៊ុនឯកជននានាបានដើរនាំមុខពួករដ្ឋាភិបាល ហើយក្រុមហ៊ុនឯកជនបានចាត់ទុកទីអវកាសជាកន្លែងធ្វើជំនួញទៀតផង។

banner

ចង់ជ្រាបច្បាស់សូមអានអត្ថបទដែលយើងប្រែសម្រួលពី National Geographic ដូចខាងក្រោមនេះ៖

អស់ជាច្រើនសតវត្សមកហើយ ការធ្វើជំនួញគឺប្រព្រឹត្តទៅតាមរយៈការធ្វើដំណើរផ្សងព្រេង។ កាលពី១ពាន់ឆ្នាំមុន អ្នកជំនួញបានប្រថុយនឹងគ្រោះថ្នាក់តាមផ្លូវសូត្រ (Silk Road) ដើម្បីទៅដល់គោលដៅទីផ្សាររបស់ប្រទេសចិន។ នៅក្នុងសតវត្សទី១៥ សំពៅរបស់ពួកអឺរ៉ុបបានធ្វើដំណើរទៅកាន់ពិភពថ្មី ដើម្បីស្វែងរកមាស និងគ្រឿងទេសជាងការស្វែងរកចំណេះដឹង។

មានរឿងគួរឲ្យចាប់អារម្មណ៍ដ៏ខ្លាំងបំផុតនោះ គឺលោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ចង់បញ្ជួនមនុស្សរាប់លាននាក់ទៅរស់នៅភពអង្គារ ហើយស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយឈ្មោះ Planetary Resources គាំទ្រដោយនាយកប្រតិបត្តិក្រុមហ៊ុន Google ដែលជាមហាសេដ្ឋីដែរនោះ ចង់ជីករ៉ែដ៏មានតម្លៃនៅលើផ្កាយដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍។

បើទោះបីជាយើងបានបញ្ជួនយានអវកាសគ្មានមនុស្សបើកទៅកាន់ភពអង្គារ និងផ្នែកជាច្រើនទៀតនៃប្រព័ន្ធព្រះអាទិត្យក្នុងប្រមាណសតវត្សរ៍ថ្មីនេះក៏ដោយ ក៏មនុស្សយើងមិនអាចផ្សងព្រេងនៅទីអវកាសលើសពី៦៥០គីឡូម៉ែត្រពីភពផែនដីបានទេតាំងពីឆ្នាំ១៩៧៣មក។ ទោះជាយ៉ាងនេះក្តីមានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗក្នុងការបញ្ជួនបេសកកម្មថ្មីៗ ទាំងយានអវកាសគ្មានមនុស្ស និងយានអវកាសប្រើមនុស្សយន្តទៅកាន់ទីអវកាស។ ខុសពីអតីតកាល ការចាប់អារម្មណ៍ផ្នែកយានអវកាសសាជាថ្មីនេះ គឺមិនត្រូវបាននាំមុខដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនឯកជនគឺជាអ្នកដឹកមុខក្នុងយុគសម័យថ្មីនេះក្នុងការរុករកផ្នែកអវកាស។

អវកាសចរ និងការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិកធ្លាប់តែត្រូវបានដឹកជញ្ជួនទៅស្ថានីយអវកាសអន្តរជាតិ (ISS) ដោយយានអវកាសរបស់ទីភ្នាក់ងារឯករាជ្យរបស់អាមេរិកឈ្មោះថា ណាសា (NASA) ប៉ុន្តែកម្មវិធីយានអវកាសបានបញ្ចប់នៅឆ្នាំ២០១១។ នៅដើមឆ្នាំ២០១២ SpaceX ដែលជាក្រុមហ៊ុនឯកជនមានមូលដ្ឋាននៅក្បែរទីក្រុង Los Angeles បានបញ្ជួនកាំជ្រួចទៅស្ថានីយអវកាសអន្តរជាតិ។ SpaceX និងក្រុមហ៊ុនឯកជនដទៃទៀតកំពុងតែប្រកួតប្រជែងគ្នា ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ដ៏ចម្បងទៅដល់ស្ថានីយអវកាសអន្តរជាតិ។

ក្រុមហ៊ុនមួយទៀតឈ្មោះ Planetary Resources ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីនាយកប្រតិបត្តិក្រុមហ៊ុន Google បានអភិវឌ្ឍផែនការជាច្រើន ដើម្បីប្រើប្រាស់យានអវកាសប្រើមនុស្សយន្តក្នុងការជីកយក Asteroids ដែលជាថ្មម្យ៉ាងវិលជុំវិញព្រះអាទិត្យ ដែលជាទូទៅមាននៅតំបន់ចន្លោះភពអង្គារ និងភពព្រហស្បត្តិ៍ ដោយសារវាមានរ៉ែដ៏មានតម្លៃ។ រ៉ែមួយក្នុងចំណោមរ៉ែនានាដែលក្រុមហ៊ុននោះចង់ជីកយក គឺផ្លាទីនកម្រនៅលើភពផែនដី ដែលត្រឹមតែ១ជី តម្លៃដល់ទៅ១,៦០០ដុល្លារអាមេរិក។ មនុស្សយន្តត្រូវតែធ្វើដំណើររាប់លានគីឡូម៉ែត្រ ដើម្បីទៅដល់ទីតាំង និងជីកយក Asteroids ហើយប្រការនេះវាទាមទារបច្ចេកវិទ្យាដែលមិនទាន់មាននោះឡើយ។ ប៉ុន្តែនេះមិនអាចបញ្ឈប់ឆន្ទៈក្រុមហ៊ុនដូចជា Planetary Resources និងក្រុមហ៊ុនដទៃពីការប្រឹងប្រែងឡើយ។ ពួកគេកំពុងតែវិនិយោគខ្ទង់រាប់រាប់ដុល្លារអាមេរិកដល់ការស្រាវជ្រាវ ដែលសង្ឃឹមថាអាចបង្កើតឧបករណ៍ដែលនឹងធ្វើឲ្យមានការជីករ៉ែក្នុងទីអវកាសអាចទៅរួច។

«នេះគឺជាការចាប់ផ្តើមនៃយុគអវកាសថ្មី។ ថាមពលដែលយើងឃើញឥឡូវនេះ និងការជំរុញផ្នែកសេដ្ឋកិច្ចដែលវិនិយោគក្នុងទីអវកាស គឺយើងមិនដែលឃើញពីមុនឡើយ»។ នេះជាការលើកឡើងរបស់លោក Mason Peck ប្រធានផ្នែកបច្ចេកវិទ្យារបស់ NASA។

«ជាប្រវត្តិសាស្ត្រ អ្នកបើកបរតែងតែក្លាយជាការស្រាវជ្រាវសម្រាប់ធនធាន។ ប្រសិនជាអ្នកចង់ឲ្យមនុស្សម្នារុករកក្នុងទីអវកាស អ្នកត្រូវតែផ្តល់រង្វាន់លើកទឹកចិត្តផ្នែកសេដ្ឋកិច្ច»។ នេះជាការពន្យល់របស់វិនិយោគិន Peter Diamandis។

សហគ្រិនល្បីឈ្មោះ Elon Musk ស្ថាបនិកនៃក្រុមហ៊ុន SpaceX កំពុងតែចំណាយចំណែកយ៉ាងធំនៃទ្រព្យសម្បត្តិរបស់គាត់លើកម្មវិធីអវកាសរបស់គាត់ផ្ទាល់។ SpaceX បានអភិវឌ្ឍកាំជ្រួចដែលអាចផ្ទេរវត្ថុ Cargo ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្នុងតម្លៃថោកសមរម្យ។ លោក Musk បានកាត់បន្ថយការចំណាយតាមរយៈការប្រើប្រាស់កាំជ្រួចដែលអាចប្រើបានឡើងវិញ ដូចដែលយើងប្រើប្រាស់យន្តហោះឡើងវិញ ក្រោយពីការហោះហើររួច។

ដំបូងឡើយមនុស្សយើងគិតថា ការបង្កើតកាំជ្រួចដែលអាចប្រើប្រាស់ឡើងវិញ គឺជារឿងលំបាកក្រៃលែង ឬក៏មិនអាចទៅរួច ប៉ុន្តែលោក Musk ថ្លែងថា «បើយើងបោះចូលយន្តហោះ ក្រោយការហោះហើររាល់ជើងនោះ គ្មាននរណាហ៊ានជិះយន្តហោះឡើយ»

សម្រាប់លោក Musk ការបង្កើតកាំជ្រួចដែលអាចប្រើប្រាស់បានឡើងវិញ គឺជាផ្នែកមួយនៃគម្រោងដ៏ធំ។ គាត់ចង់បង្កើតអាណានិគមមនុស្សនៅភពអង្គារ។ NASA បានជោគជ័យយ៉ាងត្រចះត្រចង់លើភពអង្គារជាមួយបេសកកម្មអវកាសគ្មានមនុស្ស ប៉ុន្តែមិនទាន់បង្ហោះបេសកកម្មមានមនុស្សឡើយ។ Musk និយាយថា SpaceX អាចទុកអវកាសចរនៅភពអង្គារប្រមាណ១០ឆ្នាំ ហើយក្រោយពីនោះអាចបញ្ជួនពួកគេទៅភពអង្គាររាប់សតវត្សរ៍តទៀតបាន។

«យើងមិនអាចបញ្ជួនក្រុមតូចមួយទៅកាន់ភពអង្គារទេ។ យើងត្រូវតែយកមនុស្សរាប់លាននាក់ និងឧបករណ៍ជាច្រើនទៀតទៅកាន់ភពអង្គារ ដើម្បីបង្កើតជាអារ្យធម៌ដែលមានស្ថិរភាព»។ នេះបើតាមលោក Musk ដោយលោកបន្ថែមថា វាអាចជាការងារដ៏លំបាកបំផុតដែលមនុស្សមិនធ្លាប់ធ្វើ ប៉ុន្តែលោកគិតថាក្រុមហ៊ុនរបស់គាត់អាចធ្វើវាបាន ហើយគាត់ចង់ឃើញរឿងនេះកើតឡើងមែនទែន។ លោកបន្តថា «វាជារឿងបង្កើតជីវិតពហុភព។ វាជារឿងធ្វើដំណើរទៅទីនោះ ហើយរុករកហ្វូងតារា»