(ទីក្រុងឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់អង់គ្លេស Bentley បានបង្ហាញថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គីសនីដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៥ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរតាមផែនការណ៍ដែលបានគ្រោងទុករបស់ក្រុមហ៊ុម Volkswagen AG ដែលគ្រោងនឹងផ្លាស់ប្តូរទៅជាម៉ូដែលរថយន្តអគ្គីសនីពេញលេញនៅឆ្នាំ២០៣០។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

Bentley ក៏បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ២.៥ពាន់លានផោន (ប្រហែល ៣.៤ពាន់លានដុល្លាអាមេរិក) នៅក្នុងនិរន្តរភាពនៃរយៈពេលមួយទសវត្សរ៍ក្រោយ។ ដោយឡែកក្រុមហ៊ុនផលិតរថយន្តបានឱ្យដឹងថាខ្លួនបាននឹងត្រៀមរៀបចំរចនាសម្ព័ន្ឋរោងចក្រនៅចក្រភពអង់គ្លេសរបស់ខ្លូនក្នុងទីក្រុង Crewe ដើម្បីផលិតរថយន្តថ្មី ខណៈដែលក្រុមហ៊ុនខាងលើនេះមិនបានបង្ហាញបន្ថែមនោះទេថារថយន្តអគ្គីសនីថំបូងរបស់ខ្លួនមានរូបរាង និង ទម្រង់បែបណានោះ។

នៅពេលថ្មីៗនេះ ស្ថិតនៅទូទាំងឧស្សាហកម្មរថយន្តមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបាននឹងកំពុងដាក់ចេញនូវផែនការដើម្បីបំពាក់ប្រព័ន្ធអគ្គីសនីសម្រាប់រថយន្តរបស់ពួកគេ ដោយឡែកមានការហាមឃាត់រថយន្តមិនឱ្យប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបានជម្រុញឱ្យពួកគេធ្វើការវិនិយោគដ៏ធំនៅក្នុងបច្ចេកវិទ្យាថ្មីនេះ។

គួរជម្រាបផងដែរថា កាលពីដើមខែ Bentley បានបញ្ជាក់ថាខ្លួនបានឈានដល់កំណត់ត្រាពិសេសមួយនៅក្នុងឆ្នាំ២០២១ ខណៈដែលការលក់ទូទាំងពិភពលោកបានកើនឡើង ៣១ភាគរយ ចំពេលដែលមានតម្រូវការខ្លាំងសម្រាប់រថយន្តទំនើបៗរបស់ពួកគេ៕