(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Aston Villa បានចុះកិច្ចសន្យានាំយកខ្សែការពារ Calum Chambers ពីក្លិបរួម Premier League កាំភ្លើងធំ Arsenal ដែលត្រូវលោក Mikel Arteta ទើបតែដាក់ចូលលេងបាន ៥ប្រកួតប៉ុណ្ណោះនារដូវកាលនេះ។

Chambers ដែលអាចលេងបានទាំងខ្សែការពារស្លាបស្តាំ និងកណ្តាលផងនោះ បានចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី នៅទឹកដី Villa Park រយៈពេល ៣ឆ្នាំកន្លះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេង Steven Gerrard។

Chambers ដែលមានវ័យ ២៧ឆ្នាំ ត្រូវបាន Arsenal ឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននាខែមករា ឆ្នាំ២០២២ មុនពេលកិច្ចសន្យាចាស់នឹងផុតកំណត់នៅក្រោយបញ្ចប់រដូវកាលនេះ ដែលបានក្លាយជាកីឡាករថ្មីទី៤ ដែលបានផ្ទេរចូល Aston Villa នាខែនេះ ក្រោយការមកដល់របស់ខ្សែបម្រើ Philippe Coutinho ខ្ចីជើងពី FC Barcelona, Lucas Digne ទិញពីក្លិប Everton ក្នុងតម្លៃ ២៥លានផោន និង Robin Olsen ខ្ចីជើងពីក្លិបអ៉ីតាលី AS Roma។

Calum Chambers ត្រូវបាន Arsenal នាំចូលពីក្លិប Southampton នាឆ្នាំ២០១៤ ដើម្បីជំនួសកន្លែងរបស់ Axel Tuanzebe ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងឲ្យ Manchester United នៅដើមខែនេះ មុនពេលផ្ទេរចេញទៅចូលរួមជាមួយ Napoli នៅប្រទេសអ៉ីតាលី៕