(ភ្នំពេញ)៖ តារាសម្ដែងស្រីហ៊ានលះបង់ថតឈុតស្រើបស្រាល កញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបញ្ចេញអារម្មណ៍ក្នុងចិត្តយ៉ាងចាក់ដោត អំពីអនាគតរបស់ខ្លួន ពោលគឺនៅពេលមានប្ដី មានគ្រួសារ ដោយរូបនាងបានខិតខំប្រឹងប្រែង រកលុយទិញទ្រព្យឲ្យបានច្រើន និងមានអ្វីៗឲ្យហើយជាមុនសិន ស្រួលដល់ពេលបានប្ដីកុំឲ្យពិបាករកទ្រព្យទាំងនោះ ខណៈដែលថ្ងៃអនាគត នាងមិនចង់ឲ្យសាច់ញាតិខាងប្ដីមើលស្រាលដល់រូបនាង ជាពិសេសគឺម្ដាយក្មេកតែម្ដង។

តារាសម្ដែងស្រីទើបតែចាប់ផ្ដើមឡើងកូដកាលីបឡានទំនើប និងរស់នៅក្នុងខុនដូ កញ្ញា អាណារ៉ូស បាននិយាយថា «មនុស្សប្រុសដែលបានខ្ញុំដាក់ចិត្តស្រឡាញ់ គឺចាត់ទុកថាមានសំណាងហើយ ព្រោះខុនដូក៏ខ្ញុំមាន ឡានក៏មានជិះ ការហើយមានខុនដូ មានឡានជិះស្រាប់ តែមកពីគេមិនចេះចាប់សំណាងដោយខ្លួនឯង»។

ជាមួយនឹងការបង្ហើបផ្លូវអំពីគូជីវិត ទៅលើមនុស្សដែលនាងស្រឡាញ់ ហើយចាត់ទុកថា មនុស្សនោះមានសំណាង បើបាននាងជាប្រពន្ធ ព្រោះតែពេលនេះនាងមានអ្វីៗគ្រប់យ៉ាងទៅហើយនោះ តារាសម្ដែង រ៉ូស ក៏បានបញ្ជាក់ពីអត្តចរិតពិតរបស់នាងឲ្យច្បាស់ដែរថា អត្តចរិតរបស់នាង គឺទាល់តែមានអ្វីៗគ្រប់យ៉ាង នៅក្នុងដៃទើបនាងសម្រេចចិត្តយកប្ដី ព្រោះដើម្បីជៀសវាងការមើលងាយមើលស្រាលពីគ្រួសារខាងប្ដី គឺនាងមិនចូលចិត្តនោះទេ។

រ៉ូស និយាយថា «ចរិតខ្ញុំ គឺទាល់តែខ្ញុំខំមានអ្វីគ្រប់យ៉ាង ទើបខ្ញុំរៀបការ ព្រោះខ្ញុំមិនចង់ឲ្យខាងម៉ែក្មេកគេមើលងាយខ្ញុំទេ»។ ការបញ្ជាក់ច្បាស់បែបនេះ ពីសំណាក់តារាសម្ដែង រ៉ូស គឺត្រូវបានអ្នកគាំទ្រមើលឃើញថា មួយរយៈចុងក្រោយនេះ គេបានឃើញនាងមានការផ្លាស់ប្ដូរលើសម្ភារៈនិយមច្រើនគួឲ្យកត់សម្គាល់ ក្នុងនោះអ្នកគាំទ្របានឃើញនាងប្ដូរឡានថ្មី ទិញខុនដូរកម្ពស់ជិត៣០ជាន់ ម្ដុំជ្រោយចង្វា រស់នៅយ៉ាងហ៊ឺហា និងឧស្សាហ៍សម្ញែងបង្ហោះគ្រឿងអលង្កាថ្លៃៗទៀតផង។

រាល់សកម្មភាពដែល រ៉ូស បានធ្វើ គឺនាងតែងតែបង្ហាញនៅក្នុងសង្គមហ្វេសប៊ុក ឲ្យមហាជនបានឃើញជាហូរហែ អមដោយសំណេរមានន័យចាក់ដោតជាច្រើន។ តារាសម្ដែងមានឈ្មោះល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈស្រីស្រស់ ហាស វីរ៉ាស្រីរ័ត្ន ហៅកញ្ញា រ៉ូស ត្រូវបានមហានជន និងអ្នកគាំទ្រដឹងថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពសិល្បៈរបស់នាង ហាក់មានសភាពស្ងប់ស្ងាត់ ព្រោះតែជំងឺរាតត្បាតសកលកូវីដ-១៩ ធ្វើឲ្យការងារថតភាពយន្ត និងថតផលិតផលផ្សេងៗ ត្រូវបានបានផ្អាកជាបន្តបន្ទាប់។ យ៉ាងណាមិញ ទោះបីជាសកម្មភាពសិល្បៈមិនសូវមមាញឹកក្ដី ស្រាប់តែថ្មីៗនេះលេចមុខកញ្ញា អាណារ៉ូស បញ្ចេញភាពហ៊ឺហា តាមរយៈការជះលុយប្រមាណ ៥ម៉ឺនដុល្លារ ទិញខុនដូរមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ រស់នៅយ៉ាងសង្ហា ធ្វើឲ្យអ្នកគាំទ្រសរសើរពីលទ្ធភាព របស់នាងគ្រប់គ្រប់គ្នា។

តារាសម្ដែង អាណារ៉ូស ត្រូវបានមហាជនស្គាល់រូបនាងច្រើន តាមរយៈការសម្ដែងភាពយន្តរឿងភាគ និងការសម្ដែងក្នុងបទចម្រៀងខារ៉ាអូខេមួយចំនួន។ ជាពិសេសតារារូបនេះ ហ៊ានថតទាំងឈុតសិចស៊ី ឈុតស្រើបស្រាលរោលរាលទាំងក្នុងរឿង និងក្នុងបទចម្រៀង តាមអ្វីដែលអ្នកដឹកនាំសម្ដែងត្រូវការ ជាពិសេសនាងត្រូវបានគេស្គាល់ច្រើនឡើង តាមរយៈការសម្ដែងក្នុងបទ «ស្នេហាធ្វើឲ្យខ្ញុំយំ» របស់ផលិតកម្ម ភី ដែលក្នុងនោះមានឈុតឱបថើបយ៉ាងរោលរាល ជាចំណុចធ្វើឲ្យរូបនាងមានឈ្មោះល្បីដល់សព្វថ្ងៃនេះ៕