(ភ្នំពេញ)៖ ការប្រកួតលីគអាជីពកីឡាអេឡិចត្រូនិក MPL-KH Pro League ឆ្នាំ២០២២ លើវិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ការប្រកួតជម្រុះដំបូង និងរកឃើញបេក្ខភាពឡើងវគ្គវិលជុំសន្សំពិន្ទុហើយ ក្រោយបើកចុះឈ្មោះ និងធ្វើការប្រកួតជាច្រើនដំណាក់ កាលតាំងពីថ្ងៃទី០២-មករា រហូតដល់ដើមសប្ដាហ៍នេះ។

ព្រឹត្តិការណ៍ដ៏ធំនេះ មានក្រុមចុះឈ្មោះចូលរួមរហូតដល់ ៤៦០ក្រុម ដើម្បីចូលរួមការប្រកួតជម្រុះដំបូង កាលពីថ្ងៃទី១៩-២១ ខែមករា ហើយចម្រាញ់ក្រុមខ្លាំង ១៦ក្រុមបន្ដឡើងប្រកួតជម្រុះផ្សាយផ្ទាល់ កាលពីថ្ងៃទី២២-២៣ ខែមករា មុនជម្រុះបានក្រុមខ្លាំង ៨ក្រុមទៀត ដើម្បីប្រកួតកាត់សេចក្ដីរកបេក្ខភាព ៤ក្រុមឡើងវគ្គវិលជុំសន្សំពិន្ទុ ដែលមានក្រុមខ្លាំងៗ ៤ក្រុមទៀតកំពុងឈរចាំ។

ជាលទ្ធផលក្រុមដែលឆ្លងផុតវគ្គជម្រុះ Spring Split រួមមានក្រុម Max KH, Logic Esports, Infamous LG និង Divinitysaga ដែលទទួលបានកៅអីចូលរួមវគ្គវិលជុំសន្សំពិន្ទុ (Regular Season) ដែលមានក្រុមខ្លាំងកំពុងរង់ចាំ ៤ក្រុមគឺមានក្រុម See You Soon, Impunity KH, DG Quantum
និង Burn X Flash។ វគ្គនេះក្រុមចូលរួមទាំង ៨ត្រូវប្រកួតវិលជុំ ដើម្បីសន្សំពិន្ទុ និងស្វែងរកក្រុមចំណាត់ថ្នាក់ល្អឡើងវគ្គបន្ដ មុនឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតឆ្នាំ២០២២ ដែលរៀបចំដោយក្រុមហ៊ុន Moonton Games នេះត្រូវបានគេរំពឹងថា នឹងក្លាយជាសមរភូមិប្រកួតដ៏ស្វិតស្វាញ និងអស្ចារ្យ បន្ទាប់ពី MPL-KH Pro League 2022 ត្រូវបានចែកចេញជា ២វគ្គផ្សេងគ្នា គឺវគ្គ Spring Split និងវគ្គ Autumn Split ពិសេសវគ្គ Spring Split ដែលរំលេចដោយទ្រឹស្តី «កើតមកពូកែ» ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃរបស់ខ្លួន ហើយក្រុមនីមួយៗ នឹងមានឱកាសចូលរួមប្រកួត ២ដងក្នុង ១ឆ្នាំទៀតផង។

តាមរយៈការរៀបចំព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិកនៅកម្ពុជានេះ គណៈកម្មការរៀបចំការប្រកួតរំពឹងថា ការប្រកួតនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ដែលកំពុងត្រៀមខ្លួន និងបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដ្បិតនៅពេលអត្តពលិកមានការហ្វឹកហាត់ច្រើន និងការប្រកួតច្រើន នឹងជំរុញសមត្ថភាពពួកគេកាន់តែរីកចម្រើន និងឈានទៅរកកម្រិតខ្ពស់ ដែលអាចប្រកួតប្រជែងលើឆាកអន្ដរជាតិបាន៕