(មែនឆេស្ទើ)៖ ក្លិប Manchester United បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប Rangers នៃការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង Amad Diallo ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ខែ ដែលកីឡាកររូបនេះត្រូវបានបិសាចក្រហមនាំមកពីក្លិប Atalanta។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

បុរសវ័យ ១៩ឆ្នាំសញ្ជាតិកូឌីវ័រ Diallo ត្រូវបាន Man United នាំមកពី Atalanta តម្លៃ ១៩លានផោន ដែលទើបលេងបាន ៩ប្រកួតជាមួយក្លិបបិសាចក្រហម ប៉ុន្តែ Rangers របស់ស្កុតឡេនដែលមានលោក Ross Wilson ជានាយកផ្នែកកីឡាបានលើកឡើងថា «នេះជាការចុះហេត្ថលេខាដ៏អស្ចារ្យសម្រាប់ពួកគេ» ដែលនេះជាម្រើសមួយសម្រាប់ក្រុមក្នុងតំណែងប្រយុទ្ធវាយប្រហារលើទីលាន បន្ទាប់ពីកីឡាករ Lanis Hagi ត្រូវបានដកចេញកាលពីសប្តាហ៍មុន ដោយសារបួសជង្គង់ត្រូវព្យាបាលពេញ ១រដូវកាល។

គួរបញ្ជាក់ផងថា ខ្សែប្រយុទ្ធ Diallo មានកិច្ចសន្យាជាមួយ Man United រយៈពេល ៥ឆ្នាំ ខណៈបច្ចុប្បន្នបានចេញទៅលេងនៅលីគ Scottish Permiership ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ នេះ៕