(ភ្នំពេញ)៖ ផលិតកភាពយន្ត និងជាចាងហ្វាងផលិតកម្ម LD Pichure លោក លៀក លីដា បានសម្ដែងក្ដីបារម្ភជាខ្លាំង ចំពោះការធ្លាក់ចុះនៃភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ខណៈដែលលោកបានសង្កេតឃើញថា រហូតមកដល់ពេលនេះ ទោះបីជារាជរដ្ឋភិបាលបើកឲ្យមានការដាក់បញ្ចាំងភាពយន្ត ក្នុងរោងភាពយន្តឡើងវិញក្ដី ប៉ុន្តែពុំទាន់មានភាពយន្តខ្មែរណាមួយដាក់បញ្ចាំង នៅតាមរោងភាពយន្តទាំងនោះឡើយ។ រោងភាពយន្តនីមួយៗ បើកឲ្យបញ្ចាំងភាពយន្តខ្មែរតែ ៥០ភាគរយប៉ុណ្ណោះ ហើយក៏គ្មានផលិតករខ្មែរណាយកភាពយន្តរបស់ខ្លួន ទៅដាក់បញ្ចាំងនោះដែរ។

ថ្លែងប្រាប់ Fresh News Plus លោក លៀក លីដា បានឲ្យដឹងថា បច្ចប្បន្ននេះលោកកំពុងតែដំណើរការថតរឿងដុំមួយរឿងមានចំណងជើងថា «ថ្នាក់ទី១២ង» ប៉ុន្តែពេលថតចប់ដាក់បញ្ចាំងនៅតាមរោងកុន គឺលោកមិនហ៊ានសន្និដ្ឋានទេថា មានអ្នកគាំទ្រច្រើនដូចមុន ហើយជោគជ័យខ្លាំង ឬយ៉ាងណា គឺលោកហាក់នៅស្រពិចស្រពិលនៅឡើយ។ មូលហេតុដែលលោកអះអាងបែបនេះ ក៏ព្រោះតែលោកមើលឃើញថា សព្វថ្ងៃភាពយន្តខ្មែរហាក់កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ រួចមក។

លោក លៀក លីដា និយាយថា «សម្រាប់រឿងនេះ (ថ្នាក់ទី១២ង) មិនទាន់ដឹងថា ការគាំទ្រយ៉ាងណាទេ ព្រោះរោងកុនឥឡូវបើកតែ៥០ភាគរយ ផលិតករខ្មែរអត់ទាន់ហ៊ានយកទៅចាក់បញ្ចាំងទេ អ៊ីចឹងបើនិយាយពីស្ថានភាពកុនសព្វថ្ងៃហ្នឹង អត់មានសន្ទុះអីទេ គឺរឿងខ្មែរស្មើសូន្យតែម្ដងនៅក្នុងរោងកុន គឺអត់មានកុនខ្មែរណាចាក់បញ្ចាំងនៅក្នុងរោងកុនទេ..!»

ផលិតករភាពយន្តរូបនេះ បានបន្តទៀតថា តាមអ្វីដែលលោកមើលឃើញជាក់ស្ដែង ភាពយន្តខ្មែរនៅពេលនេះ គឺគ្មានសន្ទុះឡើងទេ ពោលគឺមានតែធ្លាក់ចុះទៅ ដោយសារតែរោងកុនបើកតែ ៥០ភាគរយ អត់មានអ្នកផលិតកុន ហើយក៏គ្មានអ្នកយកកុនទៅចាក់ដែរ។

សូមបញ្ជាក់ថា សម្រាប់ផលិតកម្ម LD Pichure កំពុងតែដំណើរការថតភាពយន្តដុំមួយរឿងមានចំណងជើងថា «ថ្នាក់ទី១២ង» ដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក្នុងនោះតួឯកស្រីសម្ដែងដោយកញ្ញា ប៉ូ គឹមថេងសុតធីតា Miss Grand Cambodia 2021 និងតួឯកប្រុសសម្ដែងដោយលោក ស៊ឹម សោភ័ណ្ឌ៕