(កូរ៉េខាងត្បូង)៖ Samsung ទើបតែប្រកាសបង្ហាញពីប្រាក់ចំណូលសរុបរបស់ខ្លួនប្រចាំត្រីមាសទី ៤ឆ្នាំ២០២១ ក៏ដូចជាបង្ហាញពីលទ្ធផលសរុបនៃប្រាក់ចំណូលដែលខ្លួនរកបានពេញមួយឆ្នាំដូចគ្នា ដែលមានការកើនឡើងដល់ទៅ ១៨ភាគរយហើយរកចំណូលបានរហូតដល់ទៅខ្ទង់ ២៣២ ពាន់លានដុល្លាអាមេរិកដែលជាការកើនឡើងដ៏ធំប្រចាំឆ្នាំ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ទាំងប្រាក់ចំណេញប្រតិបត្តិការ និងប្រាក់ចំណូលនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២១ក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយការលក់មានការកើនឡើង ២៤ភាគរយ ខណៈដែលប្រាក់ចំណូលបានកើនឡើងដល់ទៅ ៥៣ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី៤ នៃឆ្នាំ២០២០។ នៅពីក្រោយប្រាក់ចំណូល និង ចំណេញដ៏ច្រើនបំផុតនេះ គឺបានមកពីវិស័យផលិតក៏ដូចជាការលក់បន្ទះឈីបដែលជាចំណែកទីផ្សារមួយដ៏សំខាន់ ហើយក៏ទទួលបានជោគជ័យនៅក្នុងការលក់ទូរស័ព្ទស្មាតហ្វូនផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េបានបង្ហាញថាកំណើននៃការលក់សម្រាប់ត្រីមាសទី៤ ដែលបានកើនឡើងនូវចន្លោះខែតុលា និង ខែធ្នូ នេះមួយផ្នែកធំគឺបានមកពីការលក់ទូរស័ព្ទស្មាតហ្វូន រួមទាំងម៉ូដែលដែលអាចបត់បានដូចជា Galaxy Z Fold3 និង Galaxy Z Flip3 ហើយមួយចំណែកទៀតបានមកពីការលក់ទូរទស្សន៏ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផងដែរ។ ដោយឡែកដោយសារតែកង្វះខាតបន្ទះឈីប ទើបធ្វើឱ្យបន្ទះឈីបទំនើបៗឡើងថ្លៃ ហើយនេះគឺជាចំណុចសំខាន់មួយដែលជួយឱ្យប្រាក់ចំណូលសរុបរបស់ Samsung កើនឡើងខ្ពស់បែបនេះ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Samsung នៅតែរំពឹងថាជំងឺរាតត្បាត COVID-19 នឹងកង្វះខាតបន្ទះឈីប នឹងនៅតែបន្តនៅក្នុងឆ្នាំ២០២២ ប៉ុន្តែក៏នៅតែសង្ឃឹមថាកំណើនការលក់នឹងបន្តកើនឡើងដូចគ្នា ខណៈដែលពិភពលោកកំពុងជួបបញ្ហាកង្វះខាតបន្ទះឈីបជាសកល៕