(សៀមរាប)៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសម្ពន្ធកីឡាវាយសីខេត្តសៀមរាប រៀបចំបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២១ ចាប់ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅបរិវេណក្លឹបកីឡាវាយសីខេត្តសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោក សោម សមសក្តិ ប្រធានសម្ពន្ធកីឡាវាយសីខេត្តសៀមរាប បានលើកឡើងថា ដោយបានការគាំទ្រពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសម្ពន្ធកីឡាវាយសីខេត្តសៀមរាប រៀបចំបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២១ ឆ្នាំ២០២២ ក្នុងន័យឆ្លុះបញ្ចាំងអំពីសុខភាព សាមគ្គីភាព មិត្តភាព។

លោកបានបញ្ជាក់ថា មុននឹងកកើតក្លឹបនេះឡើង គឺលោកផ្ទាល់ជាមួយសមាជិកក្លិប អេស.ប៊ី.ស៊ី បានជួបក្មេងៗដែលរស់នៅតាមសំណង់មិនរៀបរយ និងក្មេងកំព្រា គឺលោកបានប្រមែប្រមូលក្មេងៗទាំងនោះឲ្យមកសិក្សារៀនសូត្រពីការវាយសី ការរៀនសូត្រភាសាអង់គ្លេសក្រៅម៉ោង គឺអប់រំពួកគាត់ក្នុងរយៈពេល៥ឆ្នាំ រហូតដល់ក្មេងៗពេញរូបពេញរាង ហើយវិស័យកីឡាក៏កាន់តែរីកចម្រើន ការវាយសីរបស់ពួកគាត់កាន់តែប្រសើរ រហូតដល់មានការគាំទ្រពីសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីឲ្យក្មេងៗមានអនាគត តាមរយៈយកទៅបណ្ដុះបណ្ដាលនៅឯរាជធានីភ្នំពេញ ក៏បានត្រៀមចេញទៅកាន់បរទេស ហើយក៏ត្រៀមដើម្បីចូលរួមការប្រកួត SEA Game ផងដែរ។

លោកបានបន្តឲ្យដឹងថា តាមការណែនាំរបស់លោកអភិបាលខេត្ត គឺត្រូវរៀបចំក្លិបនេះ ធ្វើយ៉ាងណាឲ្យបានល្អប្រណីត គោរពទៅតាមស្ដង់ដា និងតាមបែបបទអន្តរជាតិ ហើយក៏មានដៃគូរសហការជាច្រើនទៀតនៅតាមបណ្ដាប្រទេសសមាគមអាស៊ាន ក៏ដូចជាដៃគូ ជប៉ុន អង់គ្លេស ចិន និងបណ្ដាប្រទេសដទៃទៀតដែលជាសម្ព៍ន្ធមេត្រីភាពរបស់ខេត្តសៀមរាប។

លោកសង្ឃឹមថា ទៅថ្ងៃអនាគត ដោយបានការសហការនិងការគាំទ្រពីសហព័ន្ធកីឡាវាយសីកម្ពុជាផងនោះ កីឡាករវាយសីនឹងមានការរីកចម្រើន ហើយនឹងបានជួយជ្រោមជ្រែង ពិសេសកុមារឲ្យបានបន្តការសិក្សារៀនសូត្របានទូលំទូលាយ ក្នុងនោះមានទាំងសុខភាព កីឡា គឺទទួលបានការអប់រំល្អ ការអប់រំល្អ នោះនឹងអាចរកការងារបានល្អផងដែរ ដែលជាខ្សែចង្វាក់ផលិតកម្មមួយ ចិញ្ចឹមក្មេងៗតាំងពីតូចឲ្យបានសិក្សារៀនសូត្រ បានលេងកីឡា ជៀសផុតពីគ្រឿងញៀន បន្តមកការសិក្សា អប់រំជំនាញ សម្រាប់អនាគត។

លោកក៏បានបញ្ជាក់ថា ក្លិបនេះជារបស់រដ្ឋដែលសហការជាមួយរដ្ឋបាលខេត្តសៀមរាប ហើយគោលបំណងសំខាន់នោះ គឺដើម្បីរកការងារឲ្យគាត់បានធ្វើ ហើយលោកអភិបាលខេត្តសៀមរាបបានតាំងចិត្តធ្វើឲ្យបានប្រសើរឡើងនូវសកលភាវូបនីយកម្ម អ្វីដែលសំខាន់គឺយើងបានរួមចំណែក ក្នុងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍប្រកបចីរភាពកម្ពុជា និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយក្នុងនាមជានិស្សិត និងបញ្ញវន្តជំនាន់ក្រោយ យើងចាប់ផ្ដើមធ្វើអ្វីដោយនឹកគិត គឺគិតពីផលប្រយោជន៍សង្គមជាតិ គិតពីសុខដុមរមនា គិតពីការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ហើយកីឡាករ កីឡាការនីបានមកប្រកួតនាពេលនេះ គឺមានចំនួន១៨ក្លិបមកកម្ពុជា និងមានកីឡាករ-កីឡាការនីសរុប១៥៤នាក់ (កីឡាការនី៣១នាក់) ព្រមទាំងមានប្រតិភូយ៉ាងច្រើនកុះករ សរុបរហូតដល់ជាង២០០នាក់។

លោកបានបញ្ជាក់ថា ការប្រកួតមាន៧វិញ្ញាសា និងមាន៩១ប្រកួត ដែលត្រូវចំណាយពេលវេលានៃការប្រកួតចំនួន១ថ្ងៃកន្លះ៕