(អាមេរិក)៖ ក្រុមហ៊ុន Apple បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Unlock ទូរស័ព្ទដៃ iPhone បាន តាមរយ:មុខងារ Face ID ដោយមិនចាំបាច់ដោះម៉ាស់ចេញឡើយ ក្នុងគោលបំណងការងារពីការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

មុខងារថ្មីនេះត្រូវបាន Apple បន្ថែមឡើងសម្រាប់ស្គែនត្រឹមតែភ្នែកប៉ុណ្ណោះ ខណ :ដែលកាលពីមុនតម្រូវឱ្យស្គែនពេញផ្ទៃមុខ ប៉ុន្តែ ដោយសារ តែ ពិភពលោកទាំងមូលបានជួបវិបត្តិកូវីដ១៩ ដែលកំពុងរីករាលដាល និងមិនទាន់ធូរស្បើយនោះ ទើប Apple សម្រេចកែសម្រួល មុខងារ Face ID ដោយធ្វើការ Unlock ទូរស័ព្ទដៃ iPhone ស្គែនត្រឹមភ្នែក។

សម្រាប់មុខងារថ្មីនេះផងដែរ ត្រូវបានសារព័ត៌មាន 9to5Mac រាយការណ៍មកថា ក្រុមហ៊ុន Apple បានអនុញ្ញាតឱ្យប្រើតែនៅលើ ទូរស័ព្ទដៃ iPhone 12 និងម៉ូដែលថ្មីចុងក្រោយគឺ iPhone 13 ទាំងអស់ប៉ុណ្ណោះសម្រាប់ម៉ូដែលទាបជាងនេះគឺមិនអាចប្រើបាននោះទេ។ «មុខងារ Use Face ID with a Mask» ត្រូវបានអនុញ្ញាតឱ្យប្រើជាមួយ iPhone 12 mini, iPhone 12, iPhone 12 Pro, iPhone 12 Pro Max និង iPhone 13 mini, iPhone 13, iPhone 13 Pro ព្រមទាំង iPhone 13 Pro Max។ នេះជាការបញ្ជាក់របស់ 9to5Mac។

គួរបញ្ជាក់ផងដែរថា មុខងារថ្មីនេះ មិនត្រូវបានប្រភពខាងលើបញ្ជាក់ថា អាចប្រើប្រាស់សម្រាប់ទូទាំងពិភពលោក ឬបានទៅតាមតំបន់ នោះទេ៕