(ម៉ាទ្រីដ)៖ ក្លិប Atletico Madrid នៅបានបញ្ជាក់ថា ពួកគេបានឈានដល់ការចុះកិច្ចសន្យាជាមួយខ្សែបម្រើសញ្ជាតដាណឺម៉ាក Daniel Wass ផ្លាស់មកពីក្លិប Valencia ជាមួយនឹងតម្លៃខ្លួនប្រមាណ ២.៥លានអឺរ៉ូ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា កីឡាករ Wass បានបញ្ចប់ទំនាក់ទំនងរយៈពេល ៣ឆ្នាំកន្លះរបស់លោកជាមួយ Valencia ដែលលោកបានចូលរួម ក្រោយចាកចេញពីក្លិប Celta Vigo ហើយកីឡាករវ័យ ៣២ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៣ នៅឯកីឡដ្ឋាន Wanda Metropolitano របស់ Atletico ថែមទៀតផង។

Wass បានបង្ហាញខ្លួន ៤១ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់លោក ដោយអាចលេងក្នុងតួនាទីជាខ្សែការពារខាងស្តាំ ឬក៏ខ្សែបម្រើក៏បាន។ លោកក៏មានជំនាញក្នុងការស៊ុតបាល់ពិន័យ (Free Kicks) និងបាល់ជ្រុងផងដែរ។

Atletico បានចុះកិច្ចសន្យាជាមួយលោក ដើម្បីជំនួសតំណែងកីឡាករ Kieran Trippier ដែលបានចាកចេញកាលពីដើមខែនេះ ទៅចូលរួមជាមួយក្លិប Newcastle United ដែលបានធ្វើឲ្យក្លិបខ្វះខ្សែការពារផ្នែកខាងស្តាំរបស់ពួកគេ៕