(ផតលែន)៖ កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិក Lindsey Horan នឹងចូលរួមលេងនៅក្លិបបារាំង Olympique Lyonnais ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីក្លិបអាមេរិក Portland Thorns ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

ម្ចាស់ពានរង្វាន់ World Cup ឆ្នាំ២០១៩ ជាមួយអាមេរិករូបនេះ ត្រូវបានត្រូវបានបោះឆ្នោតជាប់ជាកីឡាករដ៏មានតម្លៃបំផុតនៃលីគ National Women's Soccer League ក្នុងឆ្នាំ២០១៨។

«Lindsey ជាផ្នែកមួយដ៏សំខាន់បំផុតនៃភាពជោគជ័យរបស់ក្លិប» នេះបើតាមសម្តីអ្នកចាត់ការក្លិប Portland Thorns អ្នកស្រី Karina LeBlanc បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ «យើងកំពុងរង់ចាំមើលពីភាពជោគជ័យរបស់នាងនៅឯបរទេសទៀត»។

ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Lyon ស្របពេលដែលក្លិបម្ចាស់ពានរង្វាន់លីគ Women's Champions League ចំនួន ៧លើកមួយនេះ បានប្រកាសបញ្ចេញកីឡាការនីឆ្នើមប្រចាំឆ្នាំរបស់ដាណឺម៉ាក Signe Bruun ឲ្យទៅក្លិប Manchester United លេងក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៥ខែ ដែលនេះគឺជាកិច្ចព្រមព្រៀងធំជាងគេបំផុត នៅក្នុងរដូវកាលផ្ទេរកីឡាការិនីលេងនៅលីគនារី England's Women's Super League។

កីឡាការិនី Horan កាលពីពេលមុន ធ្លាប់បានលេងឲ្យក្លិប Paris Saint-Germain ដោយបានចុះកិច្ចសន្យាកាលពី ១ទសវត្សរ៍មុនមុនពេលត្រឡប់ទៅលេង នៅសហរដ្ឋអាមេរិកវិញ ក្នុងឆ្នាំ២០១៦៕