(ក្រុងឡុងដ៍)៖ អតីតខ្សែបម្រើអង់គ្លេស Frank Lampard ត្រូវបានផ្តល់ការទុកចិត្តឲ្យដឹកនាំក្លិបបាល់ទាត់ Everton ជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានបញ្ចប់តំណែងនាខែមករា ឆ្នាំ២០២២ នេះ ក្រោយដឹកនាំមិនបានល្អលេងនៅ Premier League។

បុរសវ័យ ៤៣ឆ្នាំ Lampard បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិបស្ករគ្រាប់មួយនេះរហូតដល់ខែមករា ឆ្នាំ២០២៦ ក្រោយពេលអតីតមិត្តរួមជាតិ Wayne Rooney បានធ្វើការបដិសេធចំពោះសំណើពីក្លិប Everton រួចមក ដ្បិត Lampard ក៏ទំនេរពីការងារតាំងពីខែមករាឆ្នាំទៅ ក្រោយចំណាយពេលដឹកនាំតោខៀវ Chelsea បាន ១៨ខែរួចមក។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ លោក Vitor Pereira និងលោក Duncan Ferguson ក៏ជាបេក្ខភាពទី២ ដែល Everton បានសម្ភាសន៍ ដើម្បីធ្វើការងារនៅកីឡដ្ឋាន Goodison Park ផងដែរ មុនសម្រេចចិត្តជ្រើសរើស Lampard នោះ។

គួរដឹងថា Everton បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកអេស្ប៉ាញ លោក Rafael Benitez បន្ទាប់ដឹកនាំ Everton លេងឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួតចុងក្រោយក្នុងលីគ ជាមួយនឹងរយៈពេលតិចជាង ៧ខែផងដែរ ដ្បិតក្រុមស្ករគ្រាប់មួយនេះស្ថិតនៅលេខរៀងទី១៦ ជាបណ្តោះអាសន្ន មានតែ ៦ពិន្ទុផងដែរនៅខាងក្រៅពីតំបន់កាត់ចេញពី Premier League៕