(ស្ទឹងត្រែង-កំពង់ធំ)៖ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានសហការជាមួយមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខេត្តគោលដៅទាំងពីរ ដោយនាំយកសេវាការងារ និងការប្រឹក្សាយោបល់អំពីអាជីព ជូនដល់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ ជាពិសេសសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ នៅក្នុងដំណើរបេសកកម្ម ពង្រីកការផ្សព្វផ្សាយនិងនាំយកសេវាជូនដល់ខេត្តក្រុង និងទីជនបទ ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២នេះ។

យុវជនអ្នកស្វែងរកការងារ ជាពិសេសសិស្សានុសិស្សដែលទើបប្រលងចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អាចមកទទួលយកសេវាប្រឹក្សាយោបល់អំពីការងារ និងអាជីព ដើម្បីដឹងថាខ្លួនគួរជ្រើសរើសបន្តការសិក្សាមុខជំនាញអ្វី ហើយផ្សាភ្ជាប់ទៅឱកាសការងារអ្វីខ្លះ ដែលមានតម្រូវការនាពេលអនាគត តាមរយៈការពិនិត្យលើភាពសក្តិសមទាំងកត្តាចំណង់ចំណូលចិត្ត សមត្ថភាព ទេពកោសល្យ បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាលទ្ធភាពគ្រួសារ ដោយជួបពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ការងារ និងទទួលបានឯកសារពាក់ព័ន្ធការត្រៀមខ្លួននានា ដោយមិនគិតកម្រៃ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលបច្ចុប្បន្ន NEA មានមជ្ឈមណ្ឌលការងារចល័តនេះចំនួនបី ហើយមជ្ឈមណ្ឌលការងារចល័តនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយសេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ជនគោលដៅរួមមាន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងយុវជននៅក្នុងប្រទេសកម្ពុជា និងឲ្យពួកគេជួយផ្សព្វផ្សាយសេវាការងារនេះ ទៅដល់ភូមិ ឃុំ និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស បន្ថែមលើមជ្ឈមណ្ឌលការងារទាំង១៣ ដែលមានស្រាប់។

សម្រាប់ព័ត៌មានបន្ថែម អំពីកម្រងសំណួរស្វែងយល់ពីការរៀបចំផែនការសិក្សា និងអាជីព ក៏ដូចជាសេវាការងារសាធារណៈ ដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សូមចូលទៅកាន់គេហទំព័រការងារ www.nea.gov.kh  (http://www.nea.gov.kh/), ទំព័រ Facebook (neakhmer) ឬតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 (Telegram)៕