(ភ្នំពេញ)៖ សាកលវិទ្យាល័យ អូកាយ៉ាម៉ា នឹងរៀបចំ «កម្មវិធីពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២២ សម្រាប់ប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងអាស៊ាន» សម្រាប់ប្រជាជន នៃប្រទេសជាសមាជិកអាស៊ាន ដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន។
កម្មវិធីនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ ការិយាល័យផ្តល់ព័ត៌មានទៅសិក្សានៅប្រទេសជប៉ុន ប្រចាំតំបន់អាស៊ាន ដែលបានទទួលស្គាល់ពីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន។
ដោយសារតែបញ្ហាកូវីដ កម្មវិធីពិព័រណ៍សិក្សាឆ្នាំនេះនឹងត្រូវប្រារព្ធឡើងតាមរយៈអនឡាញ។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា កម្មវិធីនេះបានរៀបចំ ៦ដងរួចមកហើយនៅក្នុងតំបន់ និង២ដងតាមរយៈអនឡាញ។ ចំណែកឯប្រទេសកម្ពុជា និងប្រទេសឡាវ គឺទើបតែរៀបចំឡើងបានម្ដងប៉ុណ្ណោះ។ យ៉ាងណាមិញ នេះគឺជាលើកដំបូងបំផុតដែលសាកលវិទ្យាល័យអូកាយ៉ាម៉ា រៀបចំកម្មវិធីពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុនអនឡាញ សម្រាប់ប្រទេសអាស៊ានទាំង១០ក្នុងពេលតែមួយ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្ដល់ព័ត៌មានសំខាន់ៗ និងចុងក្រោយបង្អស់ទៅកាន់ប្រជាជាតិអាស៊ាន ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពួកគេទៅសិក្សានៅប្រទេសជប៉ុន។ កម្មវិធីពិព័រណ៌នេះ ក៏នឹងផ្ដល់ព័ត៌មានទាក់ទងនឹងការងារបន្ទាប់ពីរៀនចប់នៅប្រទេសនេះផងដែរ។ តាមរយៈពិព័រណ៌នេះ នឹងមានការបកស្រាយលម្អិតពីការទៅសិក្សានៅជប៉ុន ឱកាសការងារ និងព័ត៌មានពីសាកលវិទ្យាល័យ និងសាលានានានៅទីនោះ។
លើសពីនេះទៅទៀត ស្ថាប័នអប់រំ និងសាលាចំនួន៥៦ ដែលមកពីជុំវិញប្រទេសជប៉ុន នឹងផ្ដល់ការប្រឹក្សាអនឡាញ រួមជាមួយព័ត៌មានអាហារូបករណ៍ និងព័ត៌មានបន្ថែមជាច្រើនទៀតទៅកាន់អ្នកចូលរួម ដែលមានចំណាប់អារម្មណ៍ទៅសិក្សានៅប្រទេសជប៉ុន។
ចំពោះពិព័រណ៌នេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC ក៏មានការចូលរួមសហការ និងមានវត្តមានផងដែរ។ ដូច្នេះបើសិនជាអ្នកទន្ទឹងរង់ចាំ នេះជាឱកាសមួយនេះយូរមកហើយកុំនៅស្ទាក់ស្ទើរអ្វីទៀត សូមចូលរួមទាំងអស់គ្នាដើម្បី ជួបដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ អ្នកតំណាង និងភ្ញៀវកិត្តិយស ពីសាកលវិទ្យាល័យនានា និង ការិយាល័យផ្តល់ព័ត៌មានទៅសិក្សានៅប្រទេសជប៉ុន នៅតំបន់អាស៊ាន។ល។
កាលបរិច្ឆេទចុះឈ្មោះ ចាប់ពីថ្ងៃទី១៧ មករា ២០២២ - ១៨ មករា ២០២២
កាលបរិច្ឆេទកម្មវិធី ចាប់ពីថ្ងៃទី១៤ កុម្ភ: ២០២២ - ១៨ កុម្ភ: ២០២២
តាមរយ: Zoom Meet
សម្រាប់ព័ត៍មានបន្ថែម ទាក់ទងនឹងកាលវិភាគរបស់កម្មវិធីនិងរបៀបចុះឈ្មោះ សូមចូលទៅកាន់តំណខាងក្រោម៖
https://studyinjapan-asean.com ៕