(បរទេស)៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpart Research បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ក៏ប៉ុន្តែចំនួនស្មាតហ្វូនសរុបដែលបាននាំចេញកាលពីឆ្នាំ២០២១ នៅតែមានកម្រិតទាបជាងការនាំចេញមុនពេលជំងឺរាតត្បាតកូវីដ១៩មកដល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ការនាំចេញស្មាតហ្វូនប្រចាំឆ្នាំបានកើនឡើង ៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាចំណុចមួយគួរឱ្យកត់សម្គាល់ដែលបានឈានទៅដល់ការនាំចេញរហូតដល់ចំនួន ១.៣៩ពាន់លានគ្រឿងកាលពីឆ្នាំ២០២១ ខណៈដែលពិភពលោកកំពុងតែជួបប្រទះទៅនឹងបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងមានកង្វះខាតបន្ទះឈីបជាសកលក៏ដោយ។

បើយោងទៅតាមទិន្នន័យរបស់ Counterpoint បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនផលិតស្មាតហ្វូនបាននាំចេញស្មាតហ្វូនចំនួន ១.៥៦ពាន់លានគ្រឿង ហើយតួលេខនោះមិនបាននៅថេរនោះទេគឺបានធ្លាក់ចុះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ ២០២០កំឡុងពេលដែលជំងឺរាតត្បាតមកដល់។

ដោយឡែកតម្រូវការបានកើនឡើងនៅក្នុងឆ្នាំ២០២១ មួយផ្នែកធំគឺបានមកពីតម្រូវការទីផ្សារនៅអាមេរិកខាងជើង អាមេរិកឡាទិន និងមួយផ្នែកទៀតបានមកពីឥណ្ឌាបានរួមចំណែកដល់កំណើនទីផ្សារទាំងមូលកាលពីឆ្នាំ២០២១។

ចំពោះកំណើននៅក្នុងសហរដ្ធអាមេរិកដែលមានការកើនឡើងជាខ្លាំងនោះគឺដោយសារតម្រូវការសម្រាប់ iPhone 12 ដែលអាចប្រើបានជាមួយ 5G ដំបូងរបស់ Apple ដែលមានការកើនឡើងរហូតដល់ត្រីមាសទីមួយក្នុងឆ្នាំ២០២១។ ខណៈដែលការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនបានធ្លាក់ចុះ ២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដែលមានហេតុផលជាច្រើន រួមទាំងការខ្វះខាតបន្ទះឈីបជាសកល និង មួយផ្នែកទៀតបណ្តាលមកពីកង្វះខាតសមាសធាតុផលិត ដែលជាហេតុនាំឱ្យមានការរារាំងដល់សមត្ថភាពផលិតរបស់ក្រុមហ៊ុនស្មាតហ្វូន នឹងការនាំចញរបស់ពួកគេនៅក្នុងប្រទេសចិន។

ចំពោះការស្ទុះឡើងវិញនៃកំណើនទីផ្សារស្មាតហ្វូន អាចនឹងមានភាពល្អប្រសើរជាងនេះប្រសិនបើមានសមាសធាតុផលិតគ្រប់គ្រាន់ ខណៈសកលដែលសកលកំពុងតែជួបបញ្ហាខ្វះខាតបន្ទះឈីបជាសកលដែលបានជះឥទ្ធិពលជាខ្លាំងចំពោះដំណើរការនៃការផលិត៕