(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ រាងតូចច្រឡឹង កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា បានប្រកាសក្ដែងៗប្រាប់ដល់អ្នកគាំទ្រ និងមហាជនទាំងអស់ថា នាងចាប់ផ្ដើមចូលប្រឡូកក្នុងវិថីសិល្បៈ ពិសេសវិស័យចម្រៀងឡើងវិញហើយ បន្ទាប់ពីខកខានអស់រយៈពេលជិត៧ឆ្នាំ ដោយសារបញ្ហារឿងរ៉ាវមួយចំនួន ជាមួយនឹងអតីតសង្សារចាស់របស់ខ្លួន។

តារាចម្រៀងសំនៀងស្រទន់ បង្កប់ដោយមន្តស្នេហ៍មិនចេះរីងស្ងួត កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតចាប់ពីថ្ងៃនេះទៅ នាងចាប់ផ្ដើមទទួលយកការងារសិល្បៈឡើងវិញហើយ ទាំងការថតបទច្រៀងក្នុងផលិតកម្ម និងការឡើងឆាកតន្រ្តីជាដើម។ ទោះបីជា វ៉ាន់ នីឡា បានដើរចេញពីវិស័យចម្រៀង អស់រយៈពេលច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែសម្រាប់ទឹកដមសំឡេង និងទេពកោសល្យរបស់នាង គឺនៅដដែល ហើយប្រជាប្រិយភាពរបស់នាង ក៏នៅតែមានសន្ទុះខ្លាំង គួរឲ្យកត់សម្គាល់ផងដែរ។

ស្រីស្រស់ វ៉ាន់ នីឡា និយាយថា «ច៎ាហ្នឹងហើយបង... និយាយទៅខ្ញុំខកខានចូលសិល្បៈហ្នឹង គឺចូលជិត៧ឆ្នាំហើយបង តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ ការមកវិញនេះ គឺចូលស៊ុបពេញទំហឹងតែម្ដងបង គឺយើងចាប់ផ្ដើមច្រៀង ថតបទច្រៀង ឡើងឆាកតន្រ្តី គឺយើងទទួលទាំងអស់ ហើយបទចម្រៀងថ្មីរបស់ខ្ញុំ ក៏បានចេញបាន១ខែហើយដែរ ហើយក៏ទើបតែចេញ MV ថ្មីៗនេះ និងមានបទជាបន្តបន្ទាប់ គ្រាន់តែថា រយៈកាលនៃការចេញបទ ញឹកញាប់កម្រិតណា គឺយើងនឹងព្យាយាមធ្វើឲ្យលឿន ព្រោះថាបទដែលខ្ញុំចេញកន្លងមកថ្មីៗនេះ គឺមានការគាំទ្រខ្លាំង ដែលជាកម្លាំងចិត្តមួយជួយឲ្យខ្ញុំ ត្រូវធ្វើបទថ្មីៗជាបន្តបន្ទាប់ទៀត ឲ្យបានច្រើន..!»

ស្របពេលជាមួយនឹងការប្រកាសចូលសិល្បៈ តារាចម្រៀង វ៉ាន់ នីឡា បានបញ្ចេញនូវ MV បទចម្រៀងមួយបទមានចំណងជើងថា «មិនចង់ខូចចិត្តដដែល» ដែលទើបតែបង្ហោះចូលទៅក្នុងបណ្ដាញ You Tube ផ្លូវការរបស់នាង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។ តាមរយៈបទចម្រៀងនេះ មហាជន និងអ្នកគាំទ្របានសង្កេតឃើញថា ទឹកដមសំឡេងរបស់ វ៉ាន នីឡា នៅតែពីរោះក្រអួនក្រអៅ មិនចាញ់កាលពី៧ឆ្នាំមុននោះឡើយ។

តារាចម្រៀង វ៉ាន់ នីឡា ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់កវីនិពន្ធ សុខ ជំនោរ បានសម្រេចចិត្តដើរចេញពីវិថីសិល្បៈ អំឡុងឆ្នាំ២០១៥ បន្ទាប់ពីរូបនាងបានផ្ទុះឡើងនូវរឿងរ៉ាវអាស្រូវ ជាមួយគូស្នេហ៍ គឺលោក គុយ សិទ្ធិស័ក្តិ រហូតដល់នាងបានដាក់ពាក្យប្ដឹងឡើងតុលាការជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅតែមិនទាន់ដឹងលទ្ធផល និងផ្ដល់យុត្តិធម៌ដល់រូបនាង ខណៈដែលភាគីអតីតគូស្នេហ៍របស់នាង គឺជាកូនមន្រ្តីធំ មានបុណ្យសក្តិ និងអំណាចនៅក្នុងសង្គមផងដែរ៕