(ភ្នំពេញ)៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីតាំងពីបុរាណមក ហើយក៏ជាប្រទេសមួយដែលគិតគូរ និងប្រកាន់ខ្ជាប់នូវតម្លៃរបស់ស្ត្រី។ ហេតុនេះហើយ ទើបសព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជាយើងភាគច្រើន មិនទាន់អាចទទួលស្គាល់ អំពើពេស្យាចារ ឬការរកស៉ីផ្លូវភេទ ជាមុខរបរត្រឹមត្រូវមួយនោះទេ។

ក្នុងនោះមានមតិមួយចំនួនបង្ហាញថា អំពើពេស្យាចារ ជាអំពើមួយដែលផ្ទុយទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ថែមទាំងជាបទល្មើសមួយនៅក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ រីឯប្រជាពលរដ្ឋយើងមួយចំនួនទៀត បានទទួលស្គាល់ការប្រកបមុខរបរនេះ ថែមទាំងផ្ដល់តម្លៃដល់ស្ដ្រីដែលប្រកបរបររកស៉ីផ្លូវភេទ ដោយពួកគាត់យល់ឃើញថា ស្ដ្រីដែលប្រកបរបររកស៉ីផ្លូវភេទក៏ជាប្រជាពលរដ្ឋមួយរូប ដែលមានសិទ្ធិក្នុងការប្រកបមុខរបរស្របច្បាប់ និងគួរតែត្រូវទទួលបានការគាំពារពីច្បាប់ផងដែរ។

ហេតុដូច្នេះ ដើម្បីផ្ដល់ការយល់ដឹងផ្នែកច្បាប់ និងជាគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និសិ្សត ក្នុងសប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អំពើពេស្យាចារ» មកធ្វើការបង្ហាញដូចខាងក្រោមនេះ។

ជាដំបូង ដើម្បីឱ្យមានភាពងាយស្រួលក្នុងការយល់ដឹងពីប្រធានបទនេះ យើងត្រូវស្គាល់ពីភាពខុសគ្នារវាងអំពើពេស្យាចារ និង អំពើសញ្ចារកម្ម ជាមុនសិន ដោយហេតុតែប្រជាពលរដ្ឋយើងមួយចំនួនតែងតែមានការយល់ច្រឡំរវាងអំពើទាំងពីរនេះ។ បើយោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ អំពើពេស្យាចារ សំដៅទៅលើការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្ដោះប្តូរនឹងវត្ថុតម្លៃអ្វីមួយ។ ចំណែកឯអំពើសញ្ចារកម្ម សំដៅទៅលើការទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីពេស្យាចារ ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ និងធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។

ជាភាសាសាមញ្ញ បុគ្គលដែលប្រព្រឹត្តអំពើពេស្យាចារ គឺសំដៅទៅលើ អ្នកប្រកបរបររកស៉ីផ្លូវភេទ រីឯបុគ្គលដែលប្រព្រឹត្តអំពើសញ្ចារកម្មវិញនោះ គឺសំដៅទៅលើអ្នកដែលបើកអាជីវកម្មជួញដូរផ្លូវភេទ ដែលប្រជាពលរដ្ឋយើងតែងតែហៅថា «មេបន»។ អំពើសញ្ចារកម្មនេះ ត្រូវបានកំណត់ថាជាបទមជ្ឈិម ទាំងនៅក្នុងក្រមព្រហ្មទណ្ឌ និងក្នុងច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើង មិនមានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយ ដែលចែងពីបទល្មើស ឬ ការដាក់ទោសព្រហ្មទណ្ឌ ចំពោះអ្នកដែលប្រព្រឹត្តអំពើពេស្យាចារនោះឡើយ ។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមគោលការណ៍នីត្យានុកូលភាពនៃក្រមព្រហ្មទណ្ឌ មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវបានចាត់ទុកថាជាបទល្មើស និងផ្ដន្ទាទោសព្រហ្មទណ្ឌបាន។ ម៉្យាងវិញទៀត មាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក៏បានចែងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។

ផ្ទុយទៅវិញ ប្រសិនបើជនណាអូសទាញដោយចេតនានូវជនដទៃក្នុងទីសាធារណៈ ក្នុងគោលដៅប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ហើយអ្នកដែលប្រព្រឹត្តអំពើនេះនឹងត្រូវបានផ្តន្ទទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃដល់ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ៣.០០០ (បីពាន់) រៀល ដល់ ១០.០០០ (មួយម៉ឺន) រៀល យោងតាមមាត្រា ២៤ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ម្យ៉ាងវិញទៀត ក៏មានបទល្មើសមួយក្នុងក្រមព្រហ្មទណ្ឌបានចែងផងដែរថា បុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈ ដើម្បីញ៉ាំងឱ្យមានទំនាក់ទំនងផ្លូវភេទ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០ (ប្រាំពាន់) រៀល ទៅ ៥០.០០០ (ប្រាំម៉ឺន) រៀល។

សរុបមក អំពើពេស្យាចារ នេះនៅតែជាប្រធានបទមួយដែលប្រជាពលរដ្ឋក្នុងសង្គមកម្ពុជាតែងតែជជែក វែកញែក និងបញ្ចេញនូវមតិផ្សេងៗផ្ទុយពីគ្នា។ ជាការពិតណាស់ ប្រទេសយើង គឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ក៏ដូចជាការប្រកាន់ខ្ជាប់នូវតម្លៃរបស់ស្ត្រីផងដែរ ប៉ុន្តែជាក់ស្ដែង អំពើពេស្យាចារ នេះមិនត្រូវបានកំណត់ដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិណាមួយ ថាជាបទល្មើសព្រហ្មទណ្ឌ និងមិនអាចត្រូវបានផ្ដន្ទាទោសព្រហ្មទណ្ឌដោយអំពើនេះបានឡើយ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក គន្ធ មូលសក្ដា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕