(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើការក្រើនរំឮកឲ្យកីឡាករ-កីឡាការិនី ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចគោលដៅដណ្ដើមឲ្យបានមេដាយមាស ១៥គ្រឿងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈមន្ដ្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្ត ចំពោះការតាំងចិត្តដ៏មុតមាំនៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

ប្រមុខសហព័ន្ធខាងលើបានលើកឡើងបែបនេះ ក្នុងឱកាសបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ ការជំរុញកីឡាករ-កីឡាការិនីនេះ ដើម្បីឆ្លើយតបនឹងការផ្ដល់ទំនុកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដែលបានដាក់សន្ទស្សន៍មេដាយមាស ១៥គ្រឿងសម្រាប់កីឡាតេក្វាន់ដូ ITF កម្ពុជា ធ្វើការដណ្ដើមក្នុងឋានៈជាម្ចាស់ផ្ទះ។

លោក កែវ រ៉េមី បានបន្ថែមថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រភេទកីឡាតេក្វាន់ដូ ITF ក៏នឹងត្រូវរៀបចំការប្រកួតមុនគេ ដើម្បីបើកការនាំមុខក្នុងការដណ្ដើមមេដាយមាសមុនគេផងដែរ។ តាមរយៈនេះ ដើម្បីឲ្យស័ក្តិសមនឹងកិត្តិយស ដែលផ្តល់ជូនដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ត្រូវតែខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លា ជាមួយការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្ពោះទៅស្វែងរកឲ្យបានមេដាយមាស ១៥គ្រឿងជូនជាតិ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ-កីឡាការិនី ដើម្បីពង្រឹងការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យរីកចម្រើន និងនាំមកនូវឧត្តមភាពជូនជាតិ ក្នុងការដណ្ដើមមេដាយជាបន្ដបន្ទាប់ ក្នុងនោះក៏មានមេដាយមាសពិភពលោកផងដែរ។ តាមរយៈនេះលោករំពឹងថា តេក្វាន់ដូ ITF នឹងអាចសម្រេចគោលដៅ ហើយក្លាយជាកីឡាដ៏មានសក្ដានុពលមួយក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិវិញ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃដែលមានកីឡាករ-កីឡាការិនីចូលរួម ១៣២នាក់ មកពី ១៨ក្លិប ៦រាជធានី-ខេត្ត និង ២ក្រសួង គេឃើញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ៦, ប្រាក់ ២ និងសំរឹទ្ធ ៤ គ្រាដែលក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ១១គ្រឿង (មាស ៥ និងប្រាក់ ៦) និងស.ស.យ.ក ខេត្តកំពង់ស្ពឺ ឈរលេខ៣ ឈ្នះមេដាយសរុប ៦គ្រឿង (មាស៣, ប្រាក់ ២ និងសំរឹទ្ធ ១)៕