(ជប៉ុន)៖ ក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុនបានឱ្យដឹងថា ការលក់រថយន្តរបស់ខ្លួនបានកើនឡើង ១០.១ភាគរយកាលពីឆ្នាំ២០២១ នឹងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកក្នុងកំឡុងពេល ២ឆ្នាំជាប់ៗគ្នា ហើយធ្វើឱ្យខ្លួនកាន់តែនាំមុខគូរប្រគួតប្រជែងដែលនៅជិតគ្នាបំផុតនោះគឺ Volkswagen របស់អាល្លឺម៉ង់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនខាងលើនេះបានបន្ថែមថា ការលក់រថយន្តនៅក្នុងឆ្នាំ ២០២១ទទួលបានចំនួន ១០.៥លានគ្រឿង ដែលចំនួននេះរួមទាំងសាខាដែលចែកចាយរថយន្តបន្តដូចជា Daihatsu Motors និង Hino Motors ផងដែរ។ ប៉ុន្តែបើធៀបទៅនឹងក្រុមហ៊ុន Volkswagen ដែលលក់បានចំនួន ៨.៩លានគ្រឿងដោយស្ថិតក្នុងរយៈពេលដូចគ្នា ដែលទំហំនៃការនាំចេញគឺមានការថយចុះចំនួន ៥ភាគរយដែលការលក់នេះគឺមានកម្រិតទាបជាងឆ្នាំ២០២០ ហើយក៏ជាតួរលេខដែលលក់បានកម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំ។

ដោយឡែកក្រុមហ៊ុនផលិតរថយន្ត ត្រូវបានបង្ខំឱ្យកាត់បន្ថយទិន្នផលការផលិត ដោយសារតែពិភពលោកកំពុងតែជួបបញ្ហាកង្វះខាតបន្ទះឈីបជាសកលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ មកដល់ដោយវាបានរំខានដល់សង្វាក់ផ្គត់ផ្គង់នៃការផលិតជាខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងតែមានការប្រកួតប្រជែងក្នុងការផលិតរថយន្តជាក់ស្តែងដូចជារថយន្តអគ្គីសនីជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជប៉ុននៅតែទប់ទល់នឹងការរាតត្បាតនៃជំងឺរាតត្បាតនេះបានយ៉ាងល្អប្រសើរជាងក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដោយសារតែទីផ្សារនៅក្នុងប្រទេសជប៉ុន និងផ្នែកខ្លះនៃអាស៊ីគឺទទួលរងនូវផលប៉ះពាល់តិចជាងប៉ែកខាងអ៊ឺរ៉ុប។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Toyota ដែលធ្លាប់បានបង្ហាញប្រាក់ចំណូលត្រីមាសទីបីរបស់ខ្លួនទំនងជានឹងកាត់បន្ថយគោលដៅផលិតរថយន្តចំនួន ៩លានគ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ដោយសារតែមានការរំខានជាខ្លាំងទាក់ទងនឹងជំងឺកូវីដ១៩៕