(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បាន ប្រគល់ធុងសំរាមចំនួន ៣០ ធុង ដល់ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតក្នុងខេត្តបាត់ដំបង ក្រោយទើបប្រគល់បង់អង្គុយចំនួន ៣០ ដើម្បីរៀបចំសោភ័ណ្ខភាពក្នុងបរិវេណទីបញ្ជាការកងពលតូចឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងអនាម័យ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស បានចូលរួមកិច្ចការទទួលខុសត្រូវក្នុងសង្គមជាច្រើនក្នុងខេត្តបាត់ដំបង ជាក់ស្តែងដូចការបរិច្ចាគនៅក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់បងប្អូនកងកម្លាំងក្នុងការទុកដាក់សំរាម និងមានកន្លែងអង្គុយលេងសមរម្យ ក្រោយបញ្ចប់បេសកកម្មផងដែរ»

ឧត្ដមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងអំណរគុណចំពោះការផ្តល់ជូននូវធុងសំរាម និងបង់អង្គុយ របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានចូលរួមថែរក្សាបរិស្ថាន និងលើកសោភណ្ឌភាពក្នុងបរិវេណទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ឲ្យកាន់តែប្រសើរឡើង ៕