(បាត់ដំបង)៖ ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាមដ៏ក្ដៅគគុក ឥលូវនេះ វាលចម្បាំងបានប្រែក្លាយខ្លួនមកជាគោលដៅទេសចរណ៍ថ្មីលើទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដែលប្រមូលផ្ដុំទៅដោយទស្សនីយភាពធម្មជាតិច្រើនដេរដាសគួរទីប្រតិព័ទ្ធ សក្ដានុពលទេសចរណ៍លើដែនដីនេះពិតជាវិសេសវិសាលដូចក្នុងគំនូរ។

ក្នុងចំណោមទីដ្ឋានរមណីយទាំងនោះ តំបន់ភ្នំច្រកចង្អៀតក៏ជាទីគយគន់ទេសភាពដ៏វិសេសវិសាលមួយដែរ ខណៈរូបឆោមឆាយានៃបុព្វតានេះប្រៀបបាននឹងភ្នំនៅចុងបូព៌ាប្រទេស។

ប្រសិនបើភ្ញៀវទេសចរត្រូវការសេវាកម្មស្នាក់ ឬចង់បានការកម្សាន្តសប្បាយលើសពីនេះទៀតនោះ គេអាចចូលទៅកាន់រីសតវាលចម្បាំងខេមសាយ ដែលជារមណីយដ្ឋានទើបបង្កើតថ្មីក្នុងស្រុកសំឡូត ខណៈទេសភាព-បរិយាកាសនៅទីនោះ ក៏កាន់តែពិសេសថែមទៀត។

អរុណពេលព្រឹកត្រជាក់កាយា សូរិយាលូតខ្ពស់សន្សឹមៗពីនាយកំពូលភ្នំ រីបក្សាបក្សីក៏ហើរចេញចាកទ្រនំ ផ្ដើមដំណើរយាត្រាត្រាច់រកចំណី។ បរិយាកាសស្រស់ថ្លាបរិសុទ្ធគួរជាទីប្រតិព័ត្តិ ញ៉ាំងឱ្យដំណើរទេសចរណ៍នៅជំរំធម្មជាតិនេះ ដិតជាប់នូវក្ដីសោមនស្សគាប់ឥតគណនា។

អ្វីដែលពិសេសដាច់គេនៅទីនេះ គឺការជិះម៉ូតូកង់បួនឡើងទៅលើភ្នំ។ ម៉ូតូធំមាំទេសចរពេញចិត្ត ជិះកាត់ចម្ការចុះអូរឆ្លងភក់ ក្អាក់ក្អាយសប្បាយឥតភ័យ។ នៅពេលឡើងទៅដល់កំពូលភ្នំតូចល្មម ភ្ញៀវទេសចរយើងអាចរីករាយជាមួយទេសភាពពសុធាបុព្វតា មើលឃើញជុំវិញ៣៦០ដឺក្រេ ស្អាតណាស់ឃើញពិតមិនមែនសាមញ្ញ៕

* កម្មវិធីដំណើរខ្ញុំ នាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍កម្សាន្តដ៏សម្បូរបែប និងជាទីគយគន់ !

សូមទស្សនាវីដេអូទេសចរណ៍នៅវាលចម្បាំង ខេត្តបាត់ដំបង ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ៨៖