(សហរដ្ឋអាមេរិក)៖ Counterpoint Research បានចេញផ្សាយការវិភាគទីផ្សារអាមេរិករបស់ខ្លួនសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១បានបង្ហាញថា មានផ្នែកភាគច្រើននៅតែមានស្ថេរភាពជាមួយកំណើនតិចតួចត្រឹមតែ ២ភាគរយប៉ុណ្ណោះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

នៅពេលថ្មីៗនេះអ្នកវិភាគបានលើកឡើងពីបញ្ហាប្រឈមដែលរួមមាន ឧបសគ្គនៃការផ្គត់ផ្គង់ ការពន្យារពេលនៃការបើកដំណើរការ និងមានការរឹតបន្តឹងនៅក្នុងហាងជាដើម ដែលជាហេតុផលចម្បងចំពោះការកើនឡើងនៃទីផ្សារយឺតបែបនេះ។

ជាការពិតណាស់ Apple នៅតែឈរនៅលើកំពូលតារាងជាមួយនឹងចំណែកទីផ្សារ ៥៧ភាគរយនៅក្នុងត្រីមាសជាមួយនឹងកំណើន ១៧ភាគរយបើធៀបទៅនឹងត្រីមាសទី៣ ដែលកំណើនភាគច្រើនបានដោយសារការលក់ iPhone 13មានការកើនឡើងខ្លាំង និងការដាក់លក់ម៉ូដែល Pro ក៏ទទួលបានដំណើរការល្អផងដែរ។

ចំពោះក្រុមហ៊ុន Samsung គឺបានឈរនៅចំណាត់ថ្នាក់លេខ ២ ដែលមានកំណើន ១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានគ្រប់គ្រងចំណែកទីផ្សារចំនួន ២៤ភាគរយប៉ុន្តែអាចនឹងមានភាពល្អប្រសើរជាងនេះប្រសិនបើ Samsung មិនបានពន្យាពេលនៃការចេញលក់ Galaxy S21 FE របស់គេ។

ចំណែកឯក្រុមហ៊ុន Motorola កំពុងតែទម្លាយនូវគុណសម្បត្តិមួយចំនួនដែលខ្លួនបានដាក់ឱ្យដំណើរការនូវទូស័ព្ទស្មាតហ្វូនមួយចំនួនធំ ជាមួយនឹងការលក់លើសពីកំណត់ត្រាដែលរំពឹងទុកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ខណៈដែលម៉ូដែល Moto G Pure ស្ថិតក្នុងចំណោមលំដាប់កំពូលទាំងបីដែលលក់ដាច់បំផុតនៅលើទីផ្សារ។

ដោយឡែក OnePlus បានតាមពីក្រោយ Alcatel បន្តិចក៏ពិតមែនក៏ប៉ុន្តែនៅតែវ៉ាដាច់ Google ជាមួយនឹងកំណើន ៥២៤ ភាគរយយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ភាគច្រើនបានដោយសារតែស៊េរី Nord ដែលអាចរកបានតាមរយៈក្រុមហ៊ុនដឹកជញ្ជូន និង Walmart ។

បើយោងទៅតាមអ្នកវិភាគបានបញ្ជាក់ថា ពេលវេលាដ៏លំបាកនេះមិនទាន់ចប់នោះទេ ខណៈដែលអតិផរណានៃវិបត្តិកូវីដ១៩ នៅតែបន្តកើនឡើង ហើយចំពោះឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ក៏កំពុងតែមានតម្រូវការខ្ពស់ នឹងមានផលប៉ះពាល់ជាខ្លាំងដល់ឧស្សាហកម្មពេញមួយឆ្នាំ ២០២២នេះ៕