(អាមេរិក)៖ ក្រុមហ៊ុន BlackBerry Ltd បានប្រកាសនៅដើមសប្ដាហ៍នេះថា ខ្លួននឹងលក់ប៉ាតង់ ដែលជាកេរ្តិ៍ដំណែលពាក់ព័ន្ធនឹងទូរស័ព្ទចល័ត, ការផ្ញើសារ និងបច្ចេកវិទ្យា Wireless ក្នុងតម្លៃ ៦០០លានដុល្លារ អាមេរិក ក្នុងគោលបំណង បង្កើតទ្រព្យសម្បត្តិ ក្រុមហ៊ុន តាមរយ:ប៉ាតង់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ បានឱ្យដឹងថា ការលក់ប៉ាតង់ខាង លើនេះគឺខ្លួននឹងទទួលបានជាប្រាក់សុទ្ធចំនួន ៤៥០លានដុល្លារអាមេរិកភ្លាមៗ និងកិច្ចសន្យាបង់ប្រាក់តាមក្រោយ ចំនួន ១៥០លានដុល្លារអាមេរិក។

BlackBerry Ltd ដែលត្រូវបានមហាជនស្គាល់ភាគច្រើនតាមរយ:ប៊ូតុងចុង QWERTY និងកម្មវិធីផ្ញើសារជជែកកម្សាន្ត BBM បានចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាពនៅក្រោយឆ្នាំ២០០៧ រហូតស្ទើតែបាត់មុខពីទីផ្សារទូរស័ព្ទ ប៉ុន្តែក្រុមហ៊ុនកាណាដា មួយនេះគឺនៅតែអាចបន្តរស់បានតាមរយ:ការកាន់កាប់ប៉ាតង់ទូរស័ព្ទដៃជាច្រើន មិនចាញ់ក្រុមហ៊ុន Nokia ឡើយ។

ទូរស័ព្ទដៃរបស់ក្រុមហ៊ុន BlackBerry Ltd ត្រូវបានគេទទួលស្គាល់ថា មានសុវត្ថិភាពខ្ពស់ដូច្នេះហើយទើបមន្ត្រីរដ្ឋាភិបាល នៃបណ្ដាប្រទេសនៅអឺរ៉ុប រួមទាំងអាមេរិកត្រូវបានគេតម្រូវឱ្យប្រើប្រាស់ទូរស័ព្ទដៃដែលផលិតឡើងដោយក្រុមហ៊ុនមួយនេះ៕