(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអញ្ជើញគ្រូឧទ្ទេសជនជាតិអង់គ្លេស លោក Russell Stutely ដែលមានបទពិសោធន៍ជោគជាំ ៤០ឆ្នាំក្នុងវិស័យកីឡាប្រដាល់សកលមកបង្រៀន ក៏ដូចជាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣១នាក់ មកពីបណ្ដាសមាគម/ក្លិប និងរាជធានី-ខេត្តមួយចំនួន ដែលបានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីពេលកន្លងទៅ។

ការនាំយកគ្រូកម្រិតអន្ដរជាតិមកបង្ហាត់បង្រៀនដល់គ្រូបង្វឹកកម្ពុជានេះ ក៏ព្រោះសហព័ន្ធចង់ជំរុញការបង្ហាត់របស់គ្រូបង្វឹកតាមបណ្ដាក្លិបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយផ្អែកលើសមត្ថភាព និងទេពកោសល្យរបស់កីឡាករម្នាក់ៗ។ លោករំពឹងថា វគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើន។

អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «គោលបំណងនៃការរៀបចំវគ្គនេះ គឺដើម្បីពង្រឹងសមត្ថភាព និងកម្រិតនៃការបង្ហាត់របស់គ្រូតាមបណ្ដាក្លិបឲ្យមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីតាមបណ្ដាក្លិប សម្រាប់ត្រៀមចូលរួមការប្រកួតប្រចាំសប្ដាហ៍របស់សហព័ន្ធ ក៏ដូចជាការប្រកួតជើងឯក និងព្រឹត្តិការណ៍ផ្សេងៗ រួមទាំងការប្រកួតកីឡាជាតិផងដែរ»