(ភ្នំពេញ)៖ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជា ឱ្យទទួលបានការសម្រាកព្យាបាលជំងឺ និងសេវាថែទាំសុខភាពប្រកបដោយភាពកក់ក្តៅ ធនាគារហត្ថា និងមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២នេះ បានសហការគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា «បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា»។

គណនីសប្បុរសធម៌នេះ បានបង្កើតឡើងសម្រាប់ឱ្យសប្បុរសជនទាំងអស់ ងាយស្រួលធ្វើការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គតាមរយៈ Hattha Mobile App ប្រព័ន្ធបាគង ឬ នៅតាមបញ្ជរបេឡាសាខារបស់ធនាគារហត្ថា គ្រប់ខេត្ត-ក្រុងដោយឥតគិតថ្លៃ។ សប្បុរសជនឣាចបរិច្ចាគជាមួយលេខគណនី 168000000225 (សម្រាប់ប្រាក់រៀល) និង 168000000224 (សម្រាប់ប្រាក់ដុល្លារ) ដែលមានឈ្មោះថា Hattha Bank Charity to Angkor Hospital for Children។

លោក ដួង ច័ន្ទសុវិជ្ជា អគ្គនាយកអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ ហត្ថា បានឱ្យដឹងថា ជាការពិតណាស់កុមារ គឺជាសសរទ្រូង ជាទំពាំងស្នងឬស្សី និងធនធានដ៏សំខាន់ នៃប្រទេសជាតិ ក្នុងនាមលោកជាឪពុកមួយរូប អ្វីដែលខ្ញុំសង្ឃឹមនិងចង់ឃើញនោះ គឺកូនៗមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាពិសេសទទួលបានការអប់រំមួយដ៏ល្អ ដើម្បីក្លាយខ្លួនទៅជាយុវជន យុវតីគំរូ ដែលមានសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង និងរីកចម្រើនតទៅមុខ។

លោកបានបន្តថា ស្របពេលជាមួយគ្នានេះដែរ ធនាគារ ហត្ថា ពិតជាយល់ច្បាស់អំពីចក្ខុវិស័យ បេសកកម្ម និងការខិតខំប្រឹងប្រែងរបស់ មន្ទីរពេទ្យ កុមារអង្គរ ដែលកំពុង ផ្តោត សំខាន់លើសុខភាព និងសុខមាលភាពរបស់កុមារកម្ពុជា ក៏ដូចជាការព្យាបាលកុមារទាំងនោះបានយ៉ាងល្អប្រៀបបានដូចជាកូនបង្កើតរបស់ខ្លួន។

ធនាគារ ហត្ថា បានបង្កើតកម្មវិធីសប្បុរសធម៌មួយនេះឡើង ដែលមានការចូលរួមនិងគាំទ្រយ៉ាងខ្លាំងពីថ្នាក់គ្រប់គ្រង បុគ្គលិកនៃធនាគារហត្ថាទាំងអស់ ព្រមទាំងបើក ឱកាសឱ្យសប្បុរសជននានាចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យឱ្យបន្តនូវកិច្ចប្រតិបត្តិការបស់ខ្លួនឱ្យបានយូរអង្វែង ជាពិសេសរួមចំណែកបណ្តុះ និងកសាងនូវទំពាំងស្នងឬស្សី និងអ្នកជំនាន់ក្រោយដ៏រឹងមាំសម្រាប់ប្រទេសជាតិយើងនាពេលអនាគត។

លោកបានបន្តទៀតថា តាមរយៈកម្មវិធីសប្បុរសធម៌មួយនេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមបរិច្ចាគ និងគាំទ្រពីសំណាក់អតិថិជន និងសប្បុរជននានា ដើម្បីឱ្យមន្ទីពេទ្យបន្តដំណើរដ៏វែងឆ្ងាយនេះក្នុងការផ្តល់នូវការព្យាបាលជំងឺដល់កុមារប្រកបដោយផាសុកភាព និងប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារអង្គរ លោកពិតជាមានសេចក្តីសោមនស្សរីករាយ នូវរាល់សកម្មភាព មនុស្សធម៌ដែលសមស្របទៅនឹងទស្សនវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យ។ ជាក់ស្តែងធនាគារ ហត្ថា គឺជាម្ចាស់ជំនួយដ៏ល្អមួយដែលបានគិតគូរ ដល់ការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈជំនួយដែលទទួលបានពីសកម្មភាពសប្បុរសធម៌នេះ មន្ទីរពេទ្យកុមារអង្គរនឹងយកទៅប្រើប្រាស់ ដើម្បីពិនិត្យព្យាបាល ប្រកបដោយក្តីមេត្តា ករុណា និងគុណភាពខ្ពស់ជូនដល់កុមារ និងទារករាប់រយនាក់ក្នុងមួយថ្ងៃៗដែលកំពុងតែត្រូវការការព្យាបាលជាចាំបាច់បំផុត។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ កុមារ និងអាណាព្យាបាលកុមារទាំងអស់ បានសម្តែងនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារ ហត្ថា ព្រមទាំងស្ថាប័ន ជាច្រើនទៀតដែលតែងតែយកចិត្តទុកដាក់មកលើកិច្ចការ មនុស្សធម៌ ជាពិសេសការព្យាបាលថែទាំរបស់មន្ទីរពេទ្យកុមារអង្គរ៕