(បរទេស)៖ ក្រុមហ៊ុន Sony Interactive Entertainment នឹងទិញយកក្រុមហ៊ុន Bungie Inc ដែលជាអ្នកបង្កើតវីដេអូហ្គេម «Halo» និង «Destiny» ក្នុងតម្លៃនៃកិច្ចព្រមព្រៀង ៣,៦ពាន់លានដុល្លារអាមេរិក ដែលបាន ក្លាយជាកិច្ចព្រមព្រៀងទិញលក់ចុងក្រោយបំផុតនៅក្នុងរលកនៃការបង្រួបបង្រួមផ្នែកហ្គេម។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Sony នឹងបញ្ជូល Bungie ទៅក្នុងគ្រួសារ PlayStation ខណៈដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងពង្រឹងបណ្តាញស្ទូឌីយ៉ូផលិតហ្គេមក្នុងនៅក្នុងប្រទេសជប៉ុន ដូចជាហ្គេម «Spider-Man» ដើម្បីធ្វើការប្រកួតប្រជែង ជាមួយនឹង ក្រុមហ៊ុនបរទេស។
ថ្មីៗនេះ ក្រុមហ៊ុន Microsoft ដែលជាម្ចាស់ឧបករណ៍ហ្គេម XBox បានជះលុយរហូតដល់ ៦៩ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Activision Blizzard ដែលត្រូវបានស្គាល់យ៉ាងច្បាស់តាមរយ:ហ្គេម «Call of Duty ខណ:ដែលក្រុមហ៊ុន Take-Two ដែលជាអ្នកផលិតហ្គេមចោរលួចឡាន «Grand Theft Auto» បានបោះលុយ ១១ពាន់លានដុល្លារអាមេរិកទិញយកក្រុមហ៊ុនផលិតហ្គេម Zynga។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Bungie Inc ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ និងត្រូវបានក្រុមហ៊ុន Microsoft ទិញ យកនៅឆ្នាំ២០០០ ប៉ុន្តែក្រោយមកនៅឆ្នាំ២០០៧ ក្រុមហ៊ុន Bungie Inc បានប្រកាសថា ខ្លួនបានផ្ដាច់ចេញពី Microsoft និងក្លាយជាក្រុមហ៊ុនឯកជន៕