(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងប្រចាំក្នុងផលិតកម្ម Galaxy Navatra ធឿន បុរី បានបញ្ចេញនូវស្នាដៃចម្រៀងថ្មីរបស់ខ្លួន បន្ទាប់ពីសំឡេងរបស់តារារូបនេះ បែរជាបែកពេញកំលោះ បានស្ដាប់ហើយកាន់តែពីរោះមួយកម្រិតទៀត។ បទថ្មីដែល ធឿន បុរី បញ្ចេញនៅពេលនេះ មានចំណងជើងថា «បន់អស់មាន់៣» ជាប្រភេទបទចម្រៀងបែបបុរាណ ដោយបានបញ្ចូលនូវឧបករណ៍ភ្លេងបុរាណ និងគ្មានឧបករណ៍ទំនើប ដូចជាបទចម្រៀងមុនៗនោះឡើយ។
នាយកអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នេះជាចម្រៀងបែបខ្មែរចំពេញលក្ខណៈ ដែលគ្មានប្រើឧបករណ៍ទំនើប, គ្មានការប្រើប្រាស់ប្រភេទវីយូឡុង, គ្មានការប្រើប្រាស់ Saxophone ឬឧបករណ៍សម័យផ្សេងៗ បញ្ចូលក្នុងបទចម្រៀងទាំងនេះឡើយ។
ដោយសារតែបទចម្រៀងនេះ ជាប្រភេទបទខ្មែរបុរាណ ដូច្នេះលោកសូមឧទ្ទិសស្នាដៃបទនេះ ជូនដល់បុព្វបុរសវីរៈសិល្បករជំនាន់ដើម ដែលបានបង្កើតឧបករណ៍តន្ត្រី ដែលមានសូរសៀងពីរោះរណ្តំ ដល់កូនចៅខ្មែរទាំងអស់បានប្រើប្រាស់ រហូតមកដល់សម័យនេះ។
សម្រាប់តារាចម្រៀង ធឿន បុរី ត្រូវបានអ្នកគាំទ្រមើលឃើញថា តារារូបនេះចាប់ផ្ដើមបែកសំឡេងពេញកំលោះហើយ ពោលគឺសំឡេងមិនតូចត្បៀតដូចមុន ហើយបញ្ចេញមកមានលក្ខណៈស្រទន់ ក្រអូនក្រអៅមានទឹកដមគួរឲ្យចង់ស្ដាប់។
ចង់ដឹងថា សំឡេងពេញកំលោះរបស់តារាចម្រៀង ធឿន បុរី ពីរោះក្រអួនក្រអៅយ៉ាងណានោះ សូមទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា៖