(ភ្នំពេញ)៖ លោក ឡុង វិបុល គ្រូបង្វឹកមកពីក្លិបប្រដាល់វិបុលដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្រោយទទួលបានការបណ្ដុះបណ្ដាលជាថ្មី ជាមួយគ្រូបង្វឹកប្រដាល់កម្រិតអាជីពមកពីអង់គ្លេស លោក Russell Stutely ដោយលោកអះអាងថា ប្រសិនបើលោកអនុវត្តបានតែ ៨០% ក៏នឹងធ្វើឲ្យកូនសិស្សរបស់ខ្លួនរីកចម្រើនខ្លាំងជាងមុនដែរ។
ការលើកឡើងនេះក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡប្រដាល់សកលកម្រិតថ្នាក់ជាតិ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៣ថ្ងៃ ជាមួយគ្រូឧទ្ទេសលោក Russell Stutely ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC។ ពិធីបិទវគ្គនេះ ធ្វើឡើងក្រោមវត្តមានលោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា។
សិក្ខាកាមខាងលើបានបញ្ជាក់ថា «ការសិក្សាជាមួយវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់ថ្នាក់ជាតិលើកនេះ ប្លែកជាងលើកមុន គាត់ (Russell stutely) បានបង្រៀននូវបច្ចេកទេស និងទិចនិចល្អៗដល់សិក្ខាកាមដែលជាគ្រូបង្វឹក គាត់ចែករំលែកបទពិសោធន៍អំពីរបៀបរបបបង្ហាត់ធ្វើម៉េចៗ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺទិចនិច និងបច្ចេកទេស...។ ខ្ញុំគិតថា អ្វីដែលគាត់បានបង្ហាត់ទាំងប៉ុន្មាន សម្រាប់ខ្ញុំ បើខ្ញុំយកទៅបង្ហាត់បានតែ ៨០% ក៏អាចល្អជាងមុនឆ្ងាយដែរ ព្រោះបច្ចេកទេស និងទិចនិច ដែលគាត់ចែករំលែក គឺស្ដង់ដារអន្ដរជាតិ»។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំ ដែលទទួលបានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចូលរួមសរុប ២០នាក់ ដែលជាគ្រូបង្វឹកមកពីតាមបណ្តាក្លិប និងរាជធានី-ខេត្តមួយចំនួន ដោយផ្ដោតការសិក្សាលើផ្នែកបច្ចេកទេសសំខាន់ៗនៃការបង្ហាត់ ដូចជាបទបញ្ជា និងបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹកជាដើម។ ចំពោះលទ្ធផលនៃការសិក្សារយៈពេល ៣ថ្ងៃ មានសិក្ខាកាមចំនួន ៧នាក់ បានទទួលនិទ្ទេសល្អ និង ១៣នាក់ ទទួលបាននិទ្ទេសល្អបង្គួរ៕