(ញូវយ៉ក)៖ នគរបាលនៅក្នុងទីក្រុងញូវយ៉ក និងដែនដីព័រតូរីកូ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងការលក់ថ្នាំលាយសារធាតុញៀន ដែលតារាសម្តែងល្បីជនជាតិអាមេរិក ឈ្មោះ Michael K Williams ប្រើប្រាស់ហួសកម្រិត រហូតដល់ស្លាប់។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Williams ដែលល្បីល្បាញខ្លាំង តាមរយៈការដើរតួជាតួអង្គ Omar ក្នុងរឿង The Wire របស់ទូរទស្សន៍ HBO ត្រូវបានប្រទះឃើញស្លាប់ ក្នុងផ្ទះល្វែងរបស់លោក នៅតំបន់ Brooklyn កាលពីខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យទាំង ៤នាក់ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការឃុបឃិតគ្នាលក់ថ្នាំញៀន។ នគរបាលបានឲ្យដឹងថា ពួកគេលក់ថ្នាំដែលលាយនឹងសារធាតុបំបាត់ការឈឺចាប់ Fentanyl ជាថ្នាំញៀនសំយោគ ហើយសារធាតុនេះតែងតែធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។

ជនសង្ស័យទាំង ៤នាក់ រួមមាន Hector Robles, Luis Cruz និង Carlos Macci ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ៍ ហើយត្រូវបាននាំខ្លួនទៅតុលាការ នៅថ្ងៃដដែល ខណៈដែល Irvin Cartagena ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារ ប៉ុន្តែត្រូវនាំខ្លួនទៅតុលាការនៅថ្ងៃព្រហស្បតិ៍។

លោក Damian Williams មេធាវីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីការចាប់ខ្លួនជនសង្ស័យថា «នេះជាវិបត្តិសុខភាពសាធារណៈ ហើយវាត្រូវតែបញ្ឈប់»

លោកបន្តថា «សារធាតុធ្វើឲ្យមនុស្សស្លាប់ ដូចជា Fentanyl និង Heroin មិនខ្វល់ថា អ្នកជានរណា ឬបានសម្រេចអ្វីនោះទេ។ វានឹងចូលក្នុងខ្លួនអ្នក ហើយធ្វើឲ្យអ្នកញៀន រហូតនាំអ្នកទៅរកសេចក្តីវិនាស»

អ្នកស៉ើបអង្កេត បានទទួលឯកសារជាភស្តុតាង នៃជនសង្ស័យទាំង ៤នាក់ កំពុងតែលក់ថ្នាំឲ្យតារាសម្តែង Williams នៅលើផ្លូវមួយកន្លែង ដែលជារយៈពេល ១ថ្ងៃ មុនតារាវ័យ ៥៤ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់។ ជនសង្ស័យថែមទាំងបន្តលក់ថ្នាំ នៅឯតំបន់ Manhattan និង Brooklyn ទោះជាដឹងថា ថ្នាំពួកគេបានសម្លាប់តារាសម្តែង Williams ក៏ដោយ៕