(យ៉ាអ៊ូនដេ)៖ វគ្គផ្តាច់ព្រ័ត្រពានតំបន់អាហ្រ្វិក Africa Cup of Nations 2021 ពេលនេះត្រូវបានរកឃើញក្រុមអេហ្ស៊ីប ដែលជាម្ចាស់ពាន ៧សម័យច្រើនជាងគេត្រូវប៉ះសេណេហ្គាល់ នាមជាក្រុមរងជើងឯក ២លើក ដែលការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នាកីឡដ្ឋាន Olembe ហើយក្រុមម្ចាស់ផ្ទះកាមេរ៉ូន ត្រូវដណ្តើមលេខ៣ ជាមួយក្រុមប៊ូគីណាហ្វាសូ នៅថ្ងៃទី០៦ ខែឆ្នាំដដែល។

នេះជាជំនួបធំមួយរវាងខ្សែប្រយុទ្ធសំខាន់ ២រូបដែលមកពីក្លិបអាជីព Liverpool មានខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រក្រុមអេហ្ស៊ីប បានសម្រេចជ័យជម្នះក្រោយស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីយកឈ្នះម្ចាស់ផ្ទះកាមេរ៉ូន ៣-១ បន្ទាប់ពីស្មើគ្នាពេញម៉ោង និងម៉ោងបន្ថែម ២លើក ដ្បិតសេណេហ្គាល់ ក៏បានយកឈ្នះក្រុមប៊ូគីណា ហ្វាសូ ៣-១ នៃវគ្គ ៤ក្រុម។

គួរបញ្ជាក់ផងថា ក្រុមអេហ្ស៊ីប ជាក្រុមមួយខ្លាំងជាងគេក្នុងតំបន់អាហ្រ្វិក ដែលឈ្នះពាន Africa Cup បានចំនួន ៧សម័យកាល និងរងជើងឯក ២លើកជាមួយចំណាត់ថ្នាក់លេខ៣ និងលេខ៤ ចំនួន ៣លើកដូចគ្នា ខណៈដែលក្រុមសេណេហ្គាល់ បានត្រឹមរងជើងឯកបាន ២លើក និងលេខ៣ បាន៣លើក ហើយក្រុមកាមេរ៉ូន ដែលទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ ២ឆ្នាំនេះជាក្រុមជើងឯក ៥លើកផងដែរ៕