(តូក្យូ)៖ ក្រុមហ៊ុន Toshiba បានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនគ្រោងវិនិយោគទឹកប្រាក់ប្រហែលចំនួន ១២៥ពាន់លានយ៉េន (ស្មើរនឹង ១.០៩ ពាន់លានដុល្លារអាមេរិក) ដល់ការផលិតបន្ទះឈីបដែលមានសមត្ថភាពទ្វេដងដោយគោលបំណងធំនោះគឺដើម្បីតាមទាន់ក្រុមហ៊ុនខ្នាតយក្ស Infineon Technologies AG ដែលជាក្រុមហ៊ុនផលិតថាមពលបន្ទះឈីបដ៏ធំ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសជប៉ុននេះគ្រោងសាងសង់រោងចក្រដ៏ទំនើបដែលមានទំហំ ៣០០មីលីម៉ែត្រនៅកណ្តាលប្រទេសជប៉ុនសម្រាប់គ្រប់គ្រងថាមពលបន្ទះឈីប ដែលអាចគ្រប់គ្រងថាមពលអគ្គីសនីនៅក្នុងរថយន្តបានយ៉ាងមានប្រសិទ្ធិភាព ក៏ដូចជាឧបករណ៍អេឡិចត្រូនិច និង ឧបករណ៍ឧស្សាហកម្មផ្សេងៗទៀត។ ដោយឡែក Toshiba នឹងវិនិយោគទឹកប្រាក់រហូតដល់ទៅខ្ទង់ ១០០ពាន់លានយ៉េននៅក្នុងរោងចក្រថ្មីនេះដែល ដែលជាចំនួនដ៏ច្រើនជាងការវិនិយោគនៅក្នុងខ្សែសង្វាក់ផលិតកម្ម ៣០០មីលីម៉ែត្រដែលមានត្រឹមតែ ២៥ពាន់លានយ៉េនប៉ុណ្ណោះ។

គួរជម្រាបផងដែរថា រោងចក្រថ្មីដែលគ្រោងវិនិយោគនេះនឹងចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ហើយនៅពេលដែលដំណាក់កាលដំបូងត្រូវបានបញ្ចប់នោះសមត្ថភាពផលិតថាមពលបន្ទះឈីបរបស់ Toshiba អាចនឹងកើនឡើងរហូតដល់ទៅ ២.៥ដងនៃកម្រិតបច្ចុប្បន្នរបស់គេ៕